លោក ហ៊ុន សែន ថា​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត​នឹង​មន្រ្តីថ្នាក់ក្រោម មិនមែន​រូប​លោកនោះទេ

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន កាលពីពេល​កន្លងមក

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​អង្គារនេះ ​បាន​ថ្លែង​ថា​ប្រជា​ពលរដ្ឋ​បាន​ទទួល​ផល​ប្រយោជន៍​ពី​គណបក្ស​ប្រជាជនកម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​រូប​លោក តែ​លោក​ថា​ពលរដ្ឋ​មិនពេញចិត្ត​នឹង​មន្រ្តីថ្នាក់ក្រោម​មួយចំនួន។​

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បានបញ្ជា​ឲ្យមន្រ្តីថ្នាក់ក្រោម​​បំពេញ​សេវាតម្រូវការឲ្យ​បាន​ឆាប់រហ័ស។ លោក​បានបន្ទោស​មន្រ្តីថ្នាក់​ក្រោ​ម​ថា​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋថ្នាំថ្នាក់។ លោក​បញ្ជាក់​ថា​ប្រជា​ពលរដ្ឋ​ទទួល​បានផលប្រយោជន៍ពីសុខសន្តិ​ភាព ពីហេដ្ឋារចនាសម្ព័ន្ធ​និង​មុខ​របរ​ដែល​រដ្ឋបង្កើតបាន ប៉ុន្តែ​លោកថា​ពលរដ្ឋ​មិនសប្បាយនឹង​មន្រ្តីមួយ​ចំនួន។​

លោកមានប្រសាសន៍ថា៖ “ប្រជា​ពលរដ្ឋ​ទទួល​ផលប្រយោជន៍ធំណាស់ ពីការដឹកនាំ​របស់គណបក្ស​ប្រជាកម្ពុជាំ ពីការដឹកនាំរបស់រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​ ហ៊ុន សែនផ្ទាល់ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​មិនសប្បាយ​ចិត្តជាមួយ​​នឹងអំពើ​ខ្លះ​ដែល​មន្រ្តីថ្នាក់ក្រោមរបស់យើង​ធ្វើមិនបានល្អ ដែលនាំទៅ​ដល់​ខឹងគោ វាយរទេះតែម្តង។ កុំ​បានកន្លែងធ្វើការល្អហើយ​ មិនព្រមទៅ​មើលប្រជាជន ក្រវ៉ាត់តែក ត្រង់ផ្លូវ យ៉ាងម៉េច លូស្ទះយ៉ាងម៉េច សំរាមស្ទះយ៉ាងម៉េច អញមិនដឹង​ អញដឹង​ថា​អាទិត្យទីបីបើកប្រាក់ខែម្មង”

លោក​ ហ៊ុន សែន បាន​ថ្លែងបន្ត​​ថា​លោក​មិន​បាន​ក្តោ​បអំណាយ​ក្នុង​ដៃ​តែម្នាក់​ឯង​ហើយ​ថា​លោកក៏​​​មិនដែល​បាន​បំពាន​ការងាររបស់​​រដ្ឋមន្រ្តី​នៅក្រោម​ឱវាទនោះទេ។​ លោក​បាន​ច្រាន​ចោល​ការលើក​ឡើងការរិះគន់នេះ​ ដោយ​​លោក​ថា​លោក​មិន​ដែល​បំពាន​ការងារ​រដ្ឋមន្រ្តីនោះ​​​ទេ ប៉ុន្តែ​លោកថា​លោក​សូម​ឲ្យ​តែ​រដ្ឋ​មន្រ្តី​ធ្វើ​ទៅ​តាម​ច្បាប់ដែល​​បាន​កំណត់​។ លោក​មានប្រសាសន៍ថា៖ “ខ្ញុំមិនដែល​ទៅបំពាន​ជាមួយ​នឹងកិច្ចការ​រដ្ឋមន្រ្តីណាមួយ​ទេ សុំតែ​រដ្ឋមន្រ្តីហ្នឹង​ធ្វើ​ឲ្យ​ត្រូវទៅ​តាមច្បាប់​ដែល​បានកំណត់តែ​ប៉ុណ្ណឹង​”

លោក​នាយករដ្ឋមន្រ្តី​បានថ្លែង​បែប​នេះ​ ស្រប​ពេល​ដែល​លោក​បាន​ស្នើ​ឲ្យ​មាន​ការរុះរើគណៈរដ្ឋមន្រ្តី ហើយ​រដ្ឋសភា​បានអនុម័ត​កាលពីថ្ងៃ​ចន្ទ​។​ លោក​បញ្ជាក់​ថា​នៅសល់​​រយៈ​ពេល​ប្រមាណ​ពីរឆ្នាំកន្លះទៀត ដែលរដ្ឋមន្រ្តី​ត្រូវធ្វើការសម្រាប់ប្រជាពលរដ្ឋ ហើយ​លោក​សង្ឃឹម​ថា​នឹង​មិន​មាន​ការរុះរើគណៈរដ្ឋមន្រ្តីម្តងទៀត​នោះទេ។​​

កម្ពុជា​​ត្រូវ​បាន​ជន​បរទេស​ស្គាល់​ថា​ឆ្លង​កាត់​របប​សម្លាប់​រង្គាលប៉ុលពត​និងដឹកនាំ​ដោយ​លោក ហ៊ុន សែន ដែលគេហៅថា​បុរសខ្លាំង។ លោក ហ៊ុន សែន​ បានកាន់​អំណាចជា​នាយក​រដ្ឋមន្រ្តី​ជាង​៣២ឆ្នាំមកហើយ។​អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)កាលពីខែមករា ឆ្នាំ២០១៥ បានចេញរបាយការណ៍មួយកម្រាស់ជាង៧០ទំព័រដែលនិយាយពីការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយបានចាត់ទុកការដឹកនាំ៣០ឆ្នាំរបស់​លោក ហ៊ុន សែន ពោរពេញទៅដោយហិង្សា ការគាបសង្កត់ និងអំពើពុករលួយ។

កន្លងទៅ មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ហៅ​ការដឹកនាំ​របស់​លោក​ ហ៊ុន សែន បែប​កុម្មុយនីស្តនិង​រិះគន់ថា​​មិន​មាន​ការគោរព​សិទ្ធិមនុស្សនិង​ដើរតាមលទ្ធិ​ប្រជាធិបតេយ្យ​។ បញ្ហារំលោភ​សិទ្ធិមនុស្ស​ ការ​បណ្តេញចេញ បញ្ហា​ដីធ្លី ឃាត​កម្មលើ​សកម្មជន ការបំបិទសិទ្ធិសេរីភាពអ្នកនយោ​បាយ​ ​សកម្មជន​បក្ស​ប្រឆាំង និង​អំពើ​​ពុករលួយ ត្រូវបាន​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​នៅលើទំព័រកាសែត​ទាំង​ក្នុងស្រុក​និងអន្តរជាតិមួយចំនួន៕ ​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ