អធិការដ្ឋាននគរបាលស្រុកស្អាង នៅព្រឹកថ្ងៃអង្គារនេះ បានសម្រចបញ្ជូនអ្នកបើករថយន្តទៅតុលាការ ករណីបើករថយន្តធ្លាក់ទឹក បណ្តាលឲ្យមនុស្ស៧នាក់ស្លាប់។
កាលពីយប់ថ្ងៃអាទិត្យ នៅកំពង់ចម្លងព្រែកអុងប៉ាង ស្រុកស្អាង ខេត្តកណ្តាល មានហេតុការណ៍បើករថយន្តធ្លាក់ទឹក ក្នុងនោះមានក្មេង៥នាក់ស្លាប់ដោយសារលង់ទឹកនៅក្នុងរថយន្ត។ ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកឡានដែលនៅរស់និងអ្នកបើកទូកនៅកំពង់ចម្លងព្រែកអុងប៉ាង ដើម្បីធ្វើការសាកសួរជុំវិញករណីនេះ។
មន្រ្តីនគរបាលស្រុកស្អាងម្នាក់សុំមិនបញ្ចេញឈ្មោះឲ្យដឹងថាក្រោយពីសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរ តាមបញ្ជារបស់ព្រះរាជអាជ្ញាខេត្តកណ្តាល ដើម្បីសួរចម្លើយជុំវិញករណីជ្រុលរថយន្តធ្លាក់ចូលទឹក សមត្ថកិច្ចបានសម្រេចបញ្ជូនអ្នកបើកឡាន ឈ្មោះ សាក់ សារ៉ាក់ អាយុ៣៣ឆ្នាំ ទៅកាន់តុលាការនៅវេលាម៉ោង៩និង៣០នាទីព្រឹកនេះ ដើម្បីធ្វើការសាកសួរបន្តនីតិវិធី។ មន្រ្តីរូបនោះមានប្រសាសន៍ថា៖“ តាមច្បាប់ចរាចរណ៍បើកបរធ្វេសប្រហែស បណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ ប៉ុន្តែអ្នកដទៃ សុទ្ធតែមាគាត់ ក្មួយគាត់បងប្អូនគាត់ …។ ច្បាប់គេអត់លើកលែងទេ តែឥឡូវភាគីខាងបើកឡានហ្នឹងមានបងប្អូនគេសុំមកធានាយកទៅវិញដែរ តែអាហ្នឹងយើងមិនហ៊ានអនុម័តទេ អាហ្នឹងនៅលើព្រះរាជអាជ្ញា“។
លោកឲ្យដឹងទៀតថានៅក្រោយពេលកើតហេតុហើយភ្លាមៗ ព្រះរាជអាជ្ញាក៏បានបញ្ជាឲ្យសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកទូក ដើម្បីធ្វើការសាកសួរផងដែរ តែលោកថាអ្នកបើកទូករូបនេះត្រូវបានព្រះរាជអាជ្ញាបញ្ជាឲ្យដោះលែងនៅព្រឹកថ្ងៃអង្គារនេះផងដែរ។
លោកបញ្ជាក់ថាក្រោយពីធ្វើការសួរចម្លើយពីអ្នកបើកបរ នគរបាលបានសន្និដ្ឋានថាករណីបណ្តាលឲ្យជ្រុលឡានធ្លាក់ទឹកនេះជាការធ្វេសប្រហែសរបស់អ្នកបើកបរដែលត្រូវជាក្មួយរបស់ម្ចាស់រថយន្ត។
វីអូឌីមិនទាន់អាចសុំការបញ្ជាក់ពីព្រះរាជអាជ្ញាដែលកាន់សំណុំរឿងនេះបាននៅឡើយទេ។
ស្នងការនគរបាលខេត្តកណ្តាល លោក អ៊ាវ ចំរើន ប្រាប់វីអូឌី(VOD)កាលពីថ្ងៃចន្ទថាហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៧និង១៥នាទី ក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ក្រោយពីជនរងគ្រោះបានត្រឡប់មកពីសែនសង្កត់ថ្នូរថ្ងៃឆេងម៉េង។ លោកបន្តថាក្នុងរថយន្តនោះ មានមនុស្សសរុបទាំងអស់ចំនួន១១នាក់ តែ៣នាក់បានចុះពីរថយន្តនៅពេលដែលចុះកំពង់ចម្លង។ លោកមានប្រសាសន៍ថាអ្នកបើកបរដែលត្រូវក្មួយម្ចាស់រថយន្តហើយនៅរស់ បានពិសារគ្រឿងស្រវឹង មុនពេលហេតុការណ៍កើតឡើង។
លោកបន្តថា៖ “អ្នកទាំង១១នាក់បានធ្វើដំណើរចេញពីសង្កត់ផ្នូរនៅផ្សារព្រែកតាជន ភូមិខ្ពបលើ ឃុំខ្ពប ដោយអ្នកបើកបរបានផឹកគ្រឿងស្រវឹងអស់ពីរកំប៉ុង ពេលបើកចុះទូកដរអុងប៉ាង ភូមិបារ៉ែនលើ ឃុំស្វាយប្រទាល អ្នកដែលនៅរស់៣នាក់បានចុះពីរថយន្ត បន្ទាប់មកអ្នកបើកបររថយន្តបានបើករថយន្តចុះទូក ដោយជាន់ហ្គែរខ្លាំងលើសល្បឿនរថយន្តក៏ឡើងលើកំណល់ធ្លាក់ទឹកតែម្ដង ហើយអ្នកបើកក៏ចេញតាមទ្វារដោយកញ្ចក់បើកស្រាប់ក្រៅពីនោះឈ្លក់ទឹកស្លាប់ទាំងអស់៧នាក់”។
លោកស្នងការរូបនេះសន្និដ្ឋានថានេះជាការធ្វេសប្រហែសរបស់អ្នកបើកបរ រួមផ្សំជាមួយការពិសារគ្រឿងស្រវឹងពេលបើកបរ។
បើតាមសមត្ថកិច្ច អ្នកបើករថយន្ត ឈ្មោះ សាក់ សារ៉ាក់ អាយុ៣៣ឆ្នាំ បានបើកបររថយន្តលិចស៊ីស RX300ពណ៌សធ្វើ ដំណើរពីសង្កត់ផ្នូរនៅផ្សារព្រែកតាជន ភូមិខ្ពបលើ ឃុំខ្ពប ត្រឡប់ទៅផ្ទះវិញ មកឆ្លងដរព្រែកអុងប៉ាង។ បើតាមរបាយការណ៍របស់សមត្ថកិច្ច បុរសម្នាក់អាយុ៣៥ឆ្នាំនិងស្រ្តី អាយុ៣៥ឆ្នាំ បានស្លាប់។ ចំណែកក្មេងអាយុ៤ឆ្នាំ ៧ឆ្នាំ ៨ឆ្នាំ ១២ឆ្នាំនិង១៣ឆ្នាំ បានស្លាប់៕