អង្គការដែលធ្វើការលើកកម្ពស់សិទ្ធិស្រ្តីនៅកម្ពុជាបានថ្កោលទោសនិងស្នើឲ្យសមត្ថកិច្ចផ្តន្ទាទោសចំពោះសន្តិសុខខណ្ឌដូនពេញដែលពួកគេថាបានប្រើហិង្សារុញច្រានទៅលើស្រ្តីសកម្មជនសហជីព ខណៈតវ៉ានៅមុខរដ្ឋ សភាប្រឆាំងនឹងការអនុម័តច្បាប់សហជីព។
កាលពីថ្ងៃទី០៤ ខែមេសា រដ្ឋសភាបានបើកអង្គប្រជុំអនុម័តច្បាប់ស្ដីពីសហជីពដែលមានភាពចម្រូងចម្រាស់ខ្លាំង ខណៈនោះក៏មានការតវ៉ានៅខាងក្រៅសភា ហើយកងសន្តិសុខបានធ្វើការបង្រ្កាបរុញច្រានទៅលើស្រ្តីជាតំណាងសហជីពនិងមន្រ្តីសហជីពម្នាក់ទៀតរងរបួសផងដែរ។
នាយិកាអង្គការយ៉េនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា លោកស្រី រស់ សុភាព មានប្រសាសន៍ថាការប្រើហិង្សាលើស្រ្តីដោយគ្មានការទប់ស្កាត់បែបនោះជាសកម្មភាពមួយដែលប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិស្រ្តីនៅកម្ពុជា។ លោកស្រីបន្ថែមថាលោកស្រីមានការខកចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពហិង្សាស្រ្តីដែលនៅតែបន្តកើតមានធ្វើឲ្យក្លាយជាគំរូមិនល្អសម្រាប់សង្គម។
អ្នកស្រីបន្ថែមថា៖ “អ្នកដែលវាយដំហ្នឹងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់អាហ្នឹងទីមួយ ទីពីរអ្នកដែលបញ្ជាគាត់ហ្នឹងត្រូវតែទទួលខុសត្រូវឲ្យបានធំជាងអ្នកដែលវាយដំ។ ទីបីអ្នកដែលវាយដំហើយ អ្នកដែលមានតួនាទីក្នុងការបង្ក្រាបអំពើហិង្សាហ្នឹងមិនអនុវត្ត មិនអើពើអ្នកនោះក៏ទទួលទោសដែរអាហ្នឹងបានត្រូវ បានអាចឲ្យអំពើហិង្សានឹងបញ្ឈប់បាន បើសិនជាប្រងើយកន្តើយចឹងមិនត្រឹមត្រូវទេសម្រាប់ស្រ្តី”។
ប្រធានផ្នែកការពារសិទ្ធិស្រ្តីនិងកុមារនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោកស្រី ឆន សុគន្ធា មានប្រសាសន៍ថាស្រ្ដីក៏ជាពលរដ្ឋមួយរូបដែលមានសិទ្ធិចូលរួមក្នុងការតវ៉ាដោយសន្តិវិធី។ លោកស្រីបន្ថែមថា ចំពោះការប្រើហិង្សានៅពេលតវ៉ានោះគឺជាការរំលោភលើសិទ្ធិស្រ្តីយ៉ាងធ្ងន់ធ្ងរហើយសមត្ថកិច្ចត្រូវតែវែកមុខរកជនដៃដល់មកដាក់ទោស។
លោកស្រីបន្ថែមថា៖ “ទីមួយត្រូវតែសូមទោសជាសាធារណៈ ទីពីរត្រូវតែផ្ដន្ទាទោសមានន័យថាថ្នាក់ដឹកនាំស្ថាប័នហ្នឹងគាត់ជាសន្តិសុខរបស់ខណ្ឌអញ្ចឹងខាងខណ្ឌហ្នឹងត្រូវតែធ្វើការព្រមានឬក៏ត្រូវធ្វើការកសាងសំណុំរឿងទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសឲ្យគាត់រាងចាល”។
នៅក្នុងកិច្ចប្រជុំរដ្ឋសភានោះតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ បានទាមទាឲ្យរដ្ឋាភិបាលពន្យល់ពីមូលហេតុនៃការប៉ះទង្គិចគ្នានៅក្រៅរបងសភាដែលមានការរុញច្រានបណ្ដាលឲ្យរបួសមន្ត្រីសហជីពម្នាក់ផងដែរ។
វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បាននៅឡើយទេនៅល្ងាចថ្ងៃអង្គារនេះដោយទូរស័ព្ទហៅចូលគ្មានអ្នកទទួល។
ទោះបីជាយ៉ាងណាករណីនេះត្រូវបានអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ ថាជាការប៉ះទង្គិចគ្នាទៅវិញទៅមករវាងក្រុមអ្នកតវ៉ានិងក្រុមសន្តិសុខ។ លោកបន្ថែមថាក្រុមអ្នកតវ៉ាទាំងនោះបានរៀបចំក្បួនដោយមិនមានច្បាប់អនុញ្ញាតិនិងបានវាយមកលើក្រុមសន្តិសុខមុន។
គួរបញ្ជាក់ថាក្នុងការបង្រ្កាបក្រុមអ្នកតវ៉ាកាលពីម្សិលមិញ ប្រធានសម្ព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ អះអាងថាអ្នកស្រីត្រូវបានសន្តិសុខទាំងនោះប្រើហិង្សារុញច្រានឲ្យដួលទៅនឹងដីយ៉ាងពេញទំហឹងពេលអ្នកស្រីឈរតវ៉ាដោយសន្តិវិធី៕