ប្រជាពលរដ្ឋមួយភូមិនៅឃុំយាង ស្រុកពួក ខេត្ដសៀមរាប ស្នើឲ្យអាជ្ញាធរដកហូតយកត្រពាំងទឹកបុរាណមួយកន្លែងពីឈ្មួញដែលកំពុងកាន់កាប់នោះប្រគល់ឲ្យពលរដ្ឋគ្រប់គ្រងជាសម្បត្ដិរួមវិញ។
ពលរដ្ឋនៅភូមិចុងថ្នល់ លោក វី តុប ប្រាប់VODថាត្រពាំងទឹកមួយកន្លែងក្នុងឃុំយាងត្រូវបានអាជ្ញាធរមូលដ្ឋានលក់ឲ្យឈ្មួញឈ្មោះ វ៉ាន់ វូត ធ្វើជាកម្មសិទ្ធិឯកជនជាច្រើនឆ្នាំ្មមកហើយបើទោះបីពួកគាត់តវ៉ាក៏គ្មានដំណោះស្រាយ។ លោកបន្ដថាប្រជាពលរដ្ឋមួយភូមិទទូចឲ្យអាជ្ញាធរអន្ដរាគមន៍ដកហូតពីឈ្មួញរូបនោះមកឲ្យពួកគាត់គ្រប់គ្រងនិងទុកប្រើប្រាស់ជាសម្បត្ដិរួមវិញ។ លោកបន្ថែមថា៖ “សពថ្ងៃបងប្អូនយើងចង់បានត្រពាំងនោះធ្វើជារបស់រួមវិញដើម្បីប្រើប្រាស់ជាសហគមន៍នៅក្នុងភូមិយើង ប៉ុន្ដែមិនដឹងថាធ្វើម៉េចបានវិញពលរដ្ឋនៅទីនេះគាត់គាំទ្រគាត់ថាបើខ្ញុំធ្វើជាលិខិតស្នាមមេដៃអីបានគាត់ជួយគាំទ្រ“។
ពលរដ្ឋមួយរូបទៀតគឺលោក អ៊ាម យ៉ាត ឲ្យដឹងថាត្រពាំងទឹកនោះជាត្រពាំងបុរាណ ហើយមានពលរដ្ឋប្រើប្រាស់ទឹកនោះជាច្រើនរយគ្រួសារ ប៉ុន្ដែបន្ទាប់ពីឈ្មួញចាក់ដីលុបធ្វើស្រែនោះ លោកថាពួកគាត់ខ្វះទឹកប្រើប្រាស់រាល់ឆ្នាំ។ បុរសវ័យជាង៧០ឆ្នាំរូបនោះបន្តថាដោយសារតែស្រះទឹកបុរាណនោះត្រូវបានលក់ឲ្យឈ្មួញចាក់ដីលុបទើបធ្វើឲ្យពលរដ្ឋខ្វះទឹកប្រើប្រាស់។ លោកបន្ដថា៖ “ប្រជាជនចង់គ្រប់គ្នាចង់តវ៉ាយកវិញការគ្រប់គ្រងគេលុបមិនដែលរីងទេយកដាក់រួមទុកប្រើប្រាស់ក្នុងភូមិគោក្របីស្រោចដំណាំក៏បានត្រីសាច់ក៏បានគោក្របីជុំនឹងមនុស្សជុំនឹងស្រះនេះឯង“។
អភិបាលស្រុកពួក ខេត្ដសៀមរាប លោក ម៉ៅ វិសុទ្ធិ មានប្រសាសន៍ថាក្រោយពីធ្វើការស៊ើបអង្កេតដឹងថាត្រពាំងទឹកបុរាណនោះជាទ្រព្យសម្បត្ដិរដ្ឋ អាជ្ញាធរមូលដ្ឋានបានស្នើទៅអង្គការទស្សនពិភពលោកឲ្យជួយឧបត្ថម្ភប្រាក់ដើម្បីស្ដាត្រពាំងទឹកនេះឡើងវិញ។ លោកបញ្ជាក់ថាត្រពាំងទឹកនោះមានឈ្មោះត្រពាំងត្រាវ ហើយគ្មានអាជ្ញាធរណាឃុបឃិតគ្នាលក់ឲ្យឈ្មួញដូចការចោទប្រកាន់ឡើយ។ លោកមានប្រសាសន៍ថា៖ “នឹងដំណើរការឆាប់ៗខាងមុខនេះហើយដោយសារត្រពាំងនោះទុកជាសម្បត្ដិរួមបំរើគោក្របីមនុស្សអីពីមុនរាក់ ប៉ុន្ដែដល់ឮថាគេទិញលក់ខ្ញុំចង់ស្រាវជា្រវដែរ“។
ពលរដេ្ឋឲ្យដឹងថាត្រពាំងទឹកនោះមានបណ្ដោយ៧០ម៉ែត្រនិងទទឹង៤៥ម៉ែត្រដែលពលរដ្ឋប្រើប្រាស់ទឹកនោះតាំងពីបុរាណមក ប៉ុន្ដែនៅចន្លោះឆ្នាំ១៩៩៣ដល់១៩៩៥ ពលរដ្ឋអះអាងថាមានឈ្មួញម្នាក់ឈ្មោះ វ៉ាន់ វុត បានចូលកាន់កាប់ត្រពាំងទឹកនោះផ្តាច់មុខ។ ពលរដ្ឋឲ្យដឹងថាក្រោយពីមានការគ្រប់គ្រងពីឈ្មួញរូបនោះមានពលរដ្ឋម្នាក់ចេញមុខប្ដឹងតវ៉ា ប៉ុន្ដែគ្មានប្រសិទ្ធិភាពដោយអ្នកភូមិអះអាងថាឈ្មួញនិងអាជ្ញាធរជាសែស្រឡាយសាច់ញាតនឹងគ្នា៕