ប្រជាពលរដ្ឋស៊ីរី២៥០នាក់បានបាត់ខ្លួន នៅពេលដែលក្រុមរដ្ឋឥស្លាមវាយប្រហារចូលភាគខាងកើតនៃរដ្ឋ Damascus ពលរដ្ឋដែលបាត់ខ្លួននោះត្រូវគេសង្ស័យថាត្រូវក្រុមរដ្ឋឥស្លាមចាប់ជំរិត។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ចុះផ្សាយថាការវាយប្រហាររបស់ក្រុមរដ្ឋឥស្លាមចូលក្នុងទីក្រុង Dmeir ភាគខាងកើតនៃរដ្ឋ Damascus ប្រមាណ៥០គីឡូម៉ែត្រ។ ក្រុមអ្នកបាត់ខ្លួនទាំងនោះធ្វើការនៅរោងចក្រផលិតស៊ីម៉ង់ត៍។
មន្ត្រីរដ្ឋបាលនៃរោងចក្រផលិតស៊ីម៉ង់ត៍ថ្លែងថាតាំងពីថ្ងៃចន្ទមកការបាត់ខ្លួនបុគ្គលិកនិងកម្មកររបស់ខ្លួននៅមិនទាន់មានដំណោះស្រាយនៅឡើយ។
ក្រុមអ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅប្រទេសស៊ីរីបានរាយការណ៍ថាមនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួនពីរោងចក្រផលិតស៊ីម៉ង់ត៍និងតំបន់ផ្សេងៗទៀត។ ក្នុងរបាយការណ៍បញ្ជាក់ថាក្នុងចំណោមជនស៊ីវិលដែលត្រូវបានចាប់ខ្លួននោះគឺ១៨នាក់ត្រូវបានសម្លាប់៕