អង្គការសិទ្ធិមនុស្សអន្តរជាតិចំនួន៦បានថ្កោលទោសលើខ្លឹមសារនៃច្បាប់ថ្មីរបស់រដ្ឋាភិបាលយោធាថៃថាបានផ្តល់អំណាចច្រើនលើសលប់ពេកដល់កម្លាំងប្រដាប់អាវុធដែលអាចឈានដល់ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃអង្គាររបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ អង្គការលើកលែងទោសអន្តរជាតិ និងអង្គការបេសកកម្មដើម្បីយុត្តិធម៌អន្តរជាតិ រួមទាំងអង្គការចំនួន៣ផ្សេងទៀតបានអំពាវនាវឲ្យមោឃៈភាពច្បាប់នោះចោល។
ក្នុងខ្លឹមសារច្បាប់ដែលបង្កើតឡើងកាលពីថ្ងៃទី២៩ខែមីនាបានផ្តល់សិទ្ធិឲ្យកងកម្លាំងប្រដាប់អាវុធអាចឃាត់ខ្លួនជនសង្ស័យដោយមិនចាំបាច់មានដីកាឃាត់ខ្លួនរយៈពេល១សប្តាហ៍ចំពោះបទឧក្រិដ្ឋធ្ងន់ធ្ងរ។ នេះបើតាមសារព័ត៌មាន AL JAZEERA។
រដ្ឋាភិបាលយោធាលើកឡើងថាការធ្វើសកម្មភាពបង្រ្កាបលើក្រុមជនប្រព្រឹត្តបទឧក្រិដ្ឋកម្រិតធ្ងន់គឺចាំបាច់ត្រូវតែធ្វើឡើងដើម្បីសន្តិសុខនៅក្នុងសង្គម។
ប៉ុន្តែសម្រាប់អ្នកការពារសិទ្ធិមនុស្សលើកឡើងថាការផ្តល់សិទ្ធិឲ្យច្រើនបែបនេះគឺជាការដណ្តើមអំណាចពីតុលាការក្នុងដំណើរការកាត់ទោសនាំឲ្យឈានដល់ការរំលោភសិទ្ធិមនុស្ស ការធ្វើទារុណកម្ម និងការចាប់ខ្លួនដោយបង្ខំជាដើម៕