មន្រ្តីក្រសួងបរិស្ថានអះអាងថាការតាក់តែងក្រមបរិស្ថានគឺដើម្បីជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើដែលកន្លងទៅនេះមានក្រសួងច្រើនពេកជាអ្នកទទួលទទួលខុសត្រូវ។
ការលើកឡើងបែបនេះនៅក្នុងសិក្ខាសាលាមួយស្ដីពីសេចក្ដីព្រាងក្រមបរិស្ថានលើកដំបូងកាលថ្ងៃទី០៦ខែមេសាដែលរៀបចំឡើងដោយក្រសួងបរិស្ថាននិងក្រុមមេធាវីវិស្ណុម។
ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងារបច្ចេកទេសតាក់តែងក្រមបរិស្ថានលោក ឯ វុឌ្ឍី មានប្រសាសន៍ថា ការធ្វើក្រមនេះគឺដើម្បីការពារផលប៉ះពាល់លើធនធានធម្មជាតិឲ្យមានប្រសិទ្ធិភាពខ្ពស់។ លោកបន្ថែមថាក្រមនេះគឺជាការប្រមូលផ្ដុំនូវច្បាប់ពាក់ព័ន្ធដែលមាននៅក្នុងក្រសួងនានាដើម្បីយកមកអនុវត្តឲ្យបានតឹងរឹងជាពិសេសការការពារព្រៃឈើក្នុងតំបន់អភិរក្សទាំង៥។
លោកបន្ថែមថា៖ “ច្បាប់ខ្លះនៅក្នុងក្រសួងកសិកម្ម ច្បាប់ខ្លះជារបស់ក្រសួងបរិស្ថាន ច្បាប់ខ្លះរបស់ក្រសួងធនធានទឹក ឧស្សាហកម្មឬក៏រ៉ែជាដើម ដល់ពេលច្បាប់ច្រើនចឹងទៅពេលខ្លះសមត្ថកិច្ចនៃការអនុវត្តហ្នឹងវាមានការប្រទាំងប្រទាស់គ្នាមួយចំនួន។ មានន័យថាយើងចែកអត់ដាច់ពីភារកិច្ចនិងតួនាទីរបស់ស្ថាប័ននីមួយៗអញ្ចឹងកន្លែងខ្លះធ្វើឲ្យការអនុវត្តភារកិច្ចជាក់ស្ដែងស្របតាមច្បាប់ដែលមានកន្លងមកមិនមានប្រសិទ្ធិភាព។ អញ្ចឹងគោលដៅដែលយើងធ្វើក្រមហ្នឹងប្រមូលចង់ក្រងច្បាប់ទាំងអស់ធ្វើសមាហរណកម្មច្បាប់ទាំងអស់ហ្នឹងប្រមូលមកក្នុងកញ្ចប់តែមួយ”។
ទីប្រឹក្សាច្បាប់នៃក្រុមមេធាវីវិស្ណុលោក ប្រាយអិន រ៉ូហាន មានប្រសាសន៍ថាបើទោះបីជាធនធានធម្មជាតិមានការប្រឈមខ្លាំង ដូចជាការកាប់បំផ្លាញព្រៃឈើ ក៏ក្រមបរិស្ថាននេះមិនយឺតពេលទេក្នុងការការពារ។ លោកបន្ថែមថាក្រមនេះក៏ជាយន្តការមួយសំខាន់ក្នុងការការពារព្រៃឡង់និងព្រៃផ្សេងៗទៀតឲ្យបានគង់វង្សទៅថ្ងៃអនាគត។
លោកមានប្រសាសន៍៖ “យើងចាប់ផ្ដើមយន្តការថ្មីដើម្បីការពារព្រៃឡង់និងព្រៃផ្សេងៗដែលមានសារៈសំខាន់នៅស្រុកខ្មែរវាមានភាពស្មុគស្មាញនៅថ្ងៃអនាគតយើងសង្ឃឹមយ៉ាងខ្លាំងៗដើម្បីការពារព្រៃឈើសម្រាប់កូនចៅទៀត”។
នាយកអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាលោក អ៊ូច ឡេង សាទរចំពោះការផ្តួចផ្ដើមបង្កើតឲ្យមានក្រមបរិស្ថាននេះឡើងដើម្បីការពារព្រៃឈើ។ ប៉ុន្តែលោកថាដើម្បីការពារព្រៃឈើឲ្យបានគង់វង្សលុះតែមានការប្ដេជ្ញាចិត្តពីរដ្ឋាភិបាលនិង ភាគីពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ទាំងនោះ។
លោកបន្ថែមថា៖ “រឿងគិតតែច្បាប់ហើយច្បាប់មានតែនៅលើក្រដាសហើយមិនមានការអនុវត្តអាហ្នឹងក៏មិនមានប្រសិទ្ធភាពដែរ។ សំខាន់គឺឆន្ទៈរបស់រដ្ឋាភិបាលលោកចង់ការពារព្រៃឬយ៉ាងណាឬក៏ចង់ធ្វើតែច្បាប់ទេយើងក៏មានច្បាប់ព្រៃឈើហើយ រហូតដល់មានបទបញ្ជាពីនាយករដ្ឋមន្រ្តីតែទីបំផុតឧកញ៉ាដែលរកស៊ីឈើនៅតែបន្តការរកស៊ីដដែលហើយមិនទាន់ឃើញមានឧកញ៉ាណាមួយត្រូវបានផ្តន្ទាទោសទាល់តែសោះ”។
កាលពីពេលថ្មីៗនេះសកម្មជនការពារព្រៃឡង់បានចេញសេចក្ដីថ្លែងការណ៍ស្នើឲ្យរដ្ឋាភិបាលបិទការទិញលក់ឈើទាំងស្របច្បាប់និងខុសច្បាប់នៅតំបន់ព្រៃឡង់ ហើយស្នើឲ្យស៊ើបអង្កេតអ្នកនៅពីក្រោយបទល្មើសព្រៃឈើនិងស្នើឲ្យរដ្ឋាភិបាលសហការជាមួយបណ្តាញការពារសហគមន៍ព្រៃឡង់ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩មកនោះ។
បើតាមសេចក្តីថ្លែងការណ៍ក្នុងយុទ្ធនាការបង្រ្កាបបទល្មើសព្រឈើនៅតំបន់ព្រៃឡង់ចំនួន៥លើកនេះក្រុមយុវជនចាប់បានរណារយន្ត៣៥គ្រឿងនិងបានឃើញគំនរឈើជាច្រើនម៉ែត្រគូបដែលត្រូវបានកាប់បំផ្លាញ ខណៈនោះសកម្មនារីម្នាក់ដែលដើរល្បាតព្រៃឡង់ត្រូវបានជនល្មើសលបកាប់បណ្តាលឲ្យរបួសធ្ងន់៕