នាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron សារភាពថាលោកពិតជាទទួលផលពីលុយដែលឪពុករបស់លោកទុកនៅក្រៅប្រទេសប្រាកដមែន ដែលលុយនោះមាន៣០ ០០០ផោនស្មើនឹងជាង៤២ ០០០ដុល្លារ។
លោក Cameron សារភាពនៅពេលដែលលោកផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ ITV កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា លោកពិតជាបានទទួលផលពីភាគហ៊ុនប្រជុំកោះ Bahamas ដែលឪពុករបស់លោកបានដាក់តាំងពីឆ្នាំ២០១០គឺមុនពេលដែលលោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រី៤ខែ។
វិមាន Downing Street បានចេញសេចក្តីថ្លែងការណ៍ចំនួន៤នៅក្នុងសប្តាហ៍នេះដើម្បីបកស្រាយតបវិញចំពោះការលេចធ្លាយឯកសារសម្ងាត់ពីប្រទេសប៉ាណាម៉ាដែលលាតត្រដាងពីអ្នកនយោបាយអ្នកមានប្រាក់និងតារាល្បីៗលើពិភពលោកលាក់លុយនៅក្រៅប្រទេសក្នុងបំណងគេចវេសពីការបង់ពន្ធចូលរដ្ឋឬដើម្បីលាងលុយកខ្វក់។
លោក Cameron បញ្ជាក់ថាលោកមានភាគហ៊ុននៅក្រៅប្រទេស៥០០០ភាគហ៊ុនដែលមានតម្លៃទឹកប្រាក់ជាង៤២០០០ដុល្លារ។ លោកបញ្ជាក់ថា លោកបានបង់ពន្ធចូលរដ្ឋលើចំណូលដែលបានពីការលក់ហ៊ុននោះ៕