នគរបាលឥណ្ឌាបានឲ្យដឹងថាហេតុការណ៍ផ្ទុះនិងអគ្គិភ័យឆាបឆេះវិហារហិណ្ឌូមួយក្នុងរដ្ឋកេរ៉េឡា (Kerela) ដែលបង្កឡើងដោយការបាញ់កាំជ្រួច បានសម្លាប់មនុស្សយ៉ាងហោចណាស់១០០នាក់។
បណ្ដាញផ្សាយព័ត៌មាន BBC បានរាយការណ៍ថាកាំជ្រួចបានផ្ទុះឡើងខណៈពេលដែលមនុស្សម្នារាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅវិហារនោះដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំក្នុងតំបន់។ បន្ទាប់មកអគារមួយនៅក្នុងព្រះវិហារបានដួលរលំដែលជាហេតុបណ្តាលឲ្យមនុស្សជាច្រើនបានស្លាប់។ មនុស្សជាង២០០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍នេះ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល៣និង៣០នាទីព្រឹកថ្ងៃអាទិត្យនៅរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីពិធីបុណ្យបានចាប់ផ្តើមនៅក្នុងទីក្រុងជាប់ឆ្នេរសមុទ្រផារ៉ាវូ (Paravur) នៅក្នុងតំបន់កូឡាម (Kollam)។
ការស៊ើបអង្កេតមួយត្រូវបានគេបញ្ជាឲ្យធ្វើឡើង ខណៈពេលដែលក្រុមមន្ត្រីបាននិយាយថាអាជ្ញាធរបានបដិសេធមិនអនុញ្ញាតឲ្យមានការបាញ់កាំជ្រួចបន្ទាប់ពីមានការភ័យខ្លាចពីបញ្ហាសុវត្ថិភាព។
គ្រូពេទ្យជំនាញមួយក្រុមត្រូវបានបញ្ជូនពីទីក្រុងដេលីទៅកាន់កន្លែងកើតហេតុនៅពេលមានសេចក្តីរាយការណ៍ថាមានអ្នកទទួលរងរបួសធ្ងន់ធ្ងរដោយសារការឆាបឆេះនេះ។ មនុស្សជាច្រើននៅក្នុងមន្ទីរពេទ្យត្រូវបានគេនិយាយថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
នាយករដ្ឋមន្ដ្រីឥណ្ឌាលោក Narendra Modi ដែលបានហោះហើរទៅកាន់រដ្ឋ Kerala បាននិយាយថាឧប្បត្តិហេតុនេះគឺ រំជើបរំជួលនិងរន្ធត់ហួសពីពាក្យដែលអាចនិយាយបាន។
មេនគរបាលរដ្ឋកេរ៉េឡា លោក TP Senkumar បានឱ្យដឹងថាអ្នកស្លាប់ភាគច្រើនត្រូវបានភ្លើងឆេះខ្លាំងដែលមិនអាចឲ្យគេស្គាល់អត្តសញ្ញាណពួកគេបាន ហើយនឹងត្រូវពឹងការធ្វើតេស្តឌីអិនអេ (DNA) ដើម្បីកំណត់អត្តសញ្ញាណ៕