សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃអង្គារនេះបានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើតំណាងរាស្ត្រគណបក្សប្រឆំាងដែលសកម្មរឿងព្រំដែនកម្ពុជា-វៀតណាម ដោយចោទប្រកាន់ចំនួនពីរល្មើស។
លោក ជួង ជុងឺ មេធាវីការពារក្តីឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ថ្លែងប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីតុលាការបញ្ចប់ការសាកសួរនៅថ្ងៃនេះថា ចៅក្រមលោក តុប ឈុនហេង បានសម្រេចឲ្យលោក អ៊ុំ សំអាន ស្ថិតនៅក្រោមការពិនិត្យពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៥និង៤៩៦នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៥និងរហូតដល់ថ្ងៃទី១០ខែមេសាឆ្នាំ២០១៦។
លោក ជួង ជុងឺ យល់ថាតុលាការចោទប្រកាន់កូនក្តីលោកធ្វើដោយរំលោភច្បាប់។ លោកបន្តថា៖ ”ខ្ញុំយល់ថាវាខុសទៅនឹងរដ្ឋធម្មនុញ្ញមាត្រា៨០ ពីព្រោះគាត់នៅមានអភ័យឯកសិទ្ធិនៅឡើយ បែរជាតំណាងអយ្យការចោទប្រកាន់គាត់ ហើយចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនគាត់បានន័យថាចោទប្រកាន់និងឃុំខ្លួនតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិ”។
លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែនត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យក្នុងខេត្តសៀមរាប ដោយរដ្ឋាភិបាលចោទថាតំណាងរាស្ត្ររូបនេះរិះគន់រដ្ឋាភិបាលថាប្រើប្រាស់ផែនទីក្លែងក្លាយ។ លោក អ៊ុំ សំអាន បានចាកចេញពីប្រទេសកម្ពុជាអស់រយៈពេលជាង៧ខែ។
អនុប្រធានផ្នែកសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកលោក ណៃ វង់ដា ដែលចុះឃ្លំាមើលករណីនេះយល់ថាការសម្រេចឃុំខ្លួននិងចោទប្រកាន់ពីរបទចោទនោះជារឿងអយុត្តិធម៌មួយសម្រាប់អ្នកដែលគិតពីប្រយោជន៍ជាតិ។ លោកថាការសម្រេចរបស់តុលាការធ្វើឡើងក្រោមសម្ពាធនយោបាយនិងធ្វើឲ្យគណបក្សកាន់អំណាចកាន់តែបាត់បង់ប្រជាប្រិយភាព។ លោកបន្ថែមថា៖ ”ខ្ញុំយល់ថាបញ្ហានេះជារឿងនយោបាយច្រើនជាងហើយខ្ញុំគិតថាការចាប់ខ្លួននេះ រដ្ឋាភិបាលមិនចំណេញនឹងការចាប់ខ្លួនទេ ព្រោះហេតុអ្វីបានជាខ្ញុំថាចាប់ខ្លួនមិនចំណេញព្រោះលោក អ៊ុំ សំអាន មិនមែនមិនដឹងថាមកនេះត្រូវគេចាប់ខ្លួនទេ ប៉ុន្តែគាត់នៅតែមកបានន័យថាបើកាលណាគាត់មកហើយមានការចាប់ខ្លួនហើយគាត់ខ្លួនឯងគាត់ដឹងថាអ្វីដែលគាត់ធ្វើជារឿងត្រឹមត្រូវជារឿងប្រយោជន៍ជាតិហើយមានការគំាទ្រពីប្រជាពលរដ្ឋខ្មែរទំាងមូល ដូច្នេះរដ្ឋាភិបាលចាប់គឺហាក់ដូចជាមានផលចំណេញតិចបំផុតឬស្ទើរតែអត់មានបានន័យថាខាតច្រើនជាង”។
នៅថ្ងៃអង្គារនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាករណីចាប់ខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំងលោកថាគឺជាបទល្មើសជាក់ស្តែងរឿងដែលលោក អ៊ុំ សំអាន និយាយថារដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកមានប្រសាសន៍ថា៖ “គ្រាន់តែចាប់ឃើញថាអាជ្ញាធរជាអ្នកចាប់ ប៉ុន្តែត្រូវដោះស្រាយក្នុងសភាគឺអត់មានចាប់ដោយបទល្មើសជាក់ស្តែងអត់មានដកអភ័យឯកសិទ្ធិទេ មានតែសួរសភាថាទៅមុខទៀតឬអត់ ទៅមុខឬថយក្រោយ បើចង់ថយក្រោយត្រូវរកសំឡេង៣ភាគ៤ ជំហររបស់ខ្ញុំ ខ្ញុំមិនដឹងថាសមាជិកសភាដទៃទៀតយ៉ាងម៉េចទេ ជំហររបស់ខ្ញុំក្នុងជាសមាជិកសភាម្នាក់បោះឆ្នោតប្រឆំាងនិងការដករឿងក្តីនេះចេញគឺឲ្យរឿងក្តីនេះទៅមុខ“។
ករណីតំណាងរាស្ត្រគណបក្សប្រឆាំងដែលតុលាការបានចោទប្រកាន់ពីបទចោទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍នោះ គឺលោក អ៊ុំ សំអាន ប្រឈមជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល។ ចំណែកបទល្មើសញុះញង់ឲ្យមានការរើសអើង លោកអាចប្រឈមជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី២លានទៅ៦លានរៀល៕