លោក ចន ឃែរី គឺជារដ្ឋមន្ត្រីការបរទេសអាមេរិកលើកទី១ហើយដែលបានទៅបំពេញកិច្ចនៅវិមានចងចាំរបស់ជប៉ុននៅហ៊ីរ៉ូស៊ីម៉ាជាកន្លែងដែលអាមេរិកទម្លាក់គ្រាប់បរមាណូក្នុងសង្គ្រាមលោកលើកទី២។
លោក ឃែរី បានទៅទស្សនានៅវិមានចងចាំសន្តិភាពអ៊ីរ៉ូស៊ីម៉ាកាលពីថ្ងៃចន្ទម្សិលមិញ ហើយលោកបានដាក់បាច់ផ្កាឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ដោយសារការទម្លាក់គ្រាប់បែកបរមាណូដែលអាមេរិកជាអ្នកទម្លាក់បានសម្លាប់មនុស្សអស់ជាង១៤០ ០០០នាក់នៅឆ្នាំ១៩៤៥។ នេះបើតាមសារព័ត៌មាន The Telegraph។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកហាក់មិនសប្បាយចិត្តទេដែលរដ្ឋមន្ត្រីការបរទេសទៅហ៊ីរ៉ូស៊ីម៉ា ហើយសុំការអភ័យទោសនោះ គឺពេលដែលអ្នកសារព័ត៌មានរ៉យទ័រសួរបញ្ហានេះគាត់បញ្ជាក់ថាមិនមានចម្លើយទេ។
លោក ចន ឃែរី សរសេរនៅលើសៀវភៅកំណត់ហេតុរបស់ភ្ញៀវថាវាជារឿងក្រៀមក្រំជាហេតុការណ៍អាក្រក់ ដែលរំឭកថាបេសកកម្មរបស់យើងមិនត្រឹមតែបញ្ចប់ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែតែមួយមុខនោះទេ ប៉ុន្តែយើងត្រូវប្រឹងប្រែងទាំងអស់គ្នាដើម្បីបញ្ចៀសសង្គ្រាម៕