មេដឹកនាំបក្សប្រឆាំងបានយកទិវាចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះអំពាវនាវឲ្យខ្មែរគ្រប់និន្នាការបញ្ឈប់ហែកហួរគ្នា ខណៈតំណាងរាស្រ្តរបស់ខ្លួនម្នាក់ទៀតលោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនទាក់ទិននឹងការរិះគន់ការបោះបង្គោលព្រំដែនជាមួយវៀតណាមថាធ្វើឲ្យខ្មែរខាតបង់។
លោក កឹម សុខា បានអំពាវនាវនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១២ខែមេសានេះថា “លោកសូមអំពាវនាវដល់ខ្មែរគ្រប់និន្នាការបញ្ឈប់ការហែកហួរគ្នាបែកបាក់គ្នាពីពេលនេះតទៅ ដោយថាត្រូវចាប់យកការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិខ្មែរពិតប្រាកដវិញ”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានស្វាគមន៍ទៅនឹងការអំពាវនាវនេះ ដោយលោកអះអាងថាការបង្រួបបង្រួមជាតិជាការចង់បានរបស់គណបក្សប្រជាជនកម្ពុជា។
លោកបញ្ចាក់ថា៖ “អាហ្នឹងត្រូវហើយ តែសុំឲ្យឯកឧត្តម កឹម សុខា ហ្នឹងធ្វើឲ្យត្រឹមត្រូវទៅកុំឲ្យមានតែទ្រឹស្តី សុំឲ្យគាត់អនុវត្តទ្រឹស្តីរបស់គាត់ឲ្យបានត្រឹមត្រូវផងក្នុងការអនុវត្តជាក់ស្តែងជាពិសេសគឺយើងពង្រឹងខ្លឹមសារនៃវប្បធម៌សន្ទនាហ្នឹងទើបអាចរួបរួមគ្នាជាធ្លុងមួយបាន”។
គណបក្សសង្រ្គោះជាតិបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការចាប់ខ្លួនលោក អ៊ុំ សំអាន ថាធ្វើឡើងដោយរំលោភសិទ្ធិតំណាងរាស្ត្រដែលធានាដោយរដ្ឋធម្មនុញ្ញនិងអំពាវនាវឲ្យដោះលែងជាបន្ទាន់។
ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាកាលពីម្សិលមិញក៏បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាពន្យល់ពីមូលហេតុនៃការចាប់ខ្លួនតំណាងរាស្រ្តបក្សសង្រ្គោះជាតិលោក អ៊ុំ សំអាន ដែលមានសញ្ជាតិអាមេរិកនេះផងដែរ ដោយបញ្ជាក់ថាក្រសួងការបរទេសអាមេរិកមានតួនាទីជួយដល់ប្រជាពលរដ្ឋសញ្ជាតិអាមេរិកនៅក្រៅប្រទេសយ៉ាងយកចិត្តទុកដាក់។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា លើកឡើងថាការចាប់ខ្លួនតំណាងរាស្ត្របក្សប្រឆាំងនេះ លោកថា បានរំលោភរដ្ឋធម្មនុញ្ញ។ លោកថាវិធានការនោះគឺជាការគំរាមដល់ការបញ្ចេញមតិ ប៉ុន្តែលោកថាបក្សកាន់អំណាចមិនបានចំណេញពីវិធានការនេះទេ។
លោកបន្តថា៖ “ទី១ធ្វើឲ្យចង់ថាចង់និយាយហ្នឹងមានការភ័យខ្លាចដែរព្រោះតំណាងរាស្ត្រត្រូវបានចាប់ខ្លួនហើយ ចំនុចទី២វាជិះឥទ្ធិពលមកវិញមានការភ័យខ្លាចអញ្ចឹង ប៉ុន្តែពលរដ្ឋយើងមិនមែនប្រជាពលរដ្ឋខ្លាចទាំងអស់ទេ គាត់នឹងសម្តែងមតិនៅពេលបោះឆ្នោត វ៉ៃម្នាក់ទេប៉ុន្តែអ្នកផ្សេងទៀតវាឈឺបេះដូងឈឺចិត្តអញ្ចឹងធ្វើឲ្យការបាត់បង់សំឡេងហ្នឹង(បាត់អាសនៈក្នុងសភា២២)ខ្ញុំជឿជាក់ថាមិនអាចស្តាទេគឺយកកន្លែងហ្នឹងទៅស្តាប្រជាប្រិយភាពគឺពិបាក”។
ក្រោយការបោះឆ្នោតអាណត្តិទី៥ឆ្នាំ២០១៣គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន បានបាត់បង់អាសនៈអស់ចំនួន២២ពោលគឺពី៩០ចុះមកនៅត្រឹម៦៨អាសនៈវិញ។ ចំណែកគណបក្សសង្គ្រោះជាតិបានកើនឡើងដល់៥៥អាសនៈ។
ប៉ុន្តែក្រោយពីបក្សប្រឆាំងព្រមដើរចូលសភាទទួលយកកៅអី៥៥នោះជាការកត់សម្គាល់មកដល់ពេលនេះសកម្មជនបក្សប្រឆាំងជាង១០នាក់ត្រូវរដ្ឋាភិបាលប្តឹង ហើយពេលនេះពួកគេកំពុងឃុំខ្លួននៅពន្ធនាគារព្រៃស។
ប្រធានគណបក្សលោក សម រង្ស៊ី បាននិរទេសខ្លួននៅក្រៅប្រទេសម្តងទៀតគេចចេញពីតាមចាប់ខ្លួនរបស់តុលាការនៅកម្ពុជា។ ចំណែកអនុប្រធានលោក កឹម សុខា ត្រូវបានតំណាងរាស្ត្របក្សកាន់អំណាចដកចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភាជាដើម៕