គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសថៃរយៈពេល៧ថ្ងៃនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីបានសម្លាប់មនុស្សអស់៤៤២នាក់ ច្រើនជាងឆ្នាំមុន៧៨នាក់ ដោយការបើកបរក្នុងពេលស្រវឹងគឺជាមូលហេតុចម្បងដែលនាំឲ្យមានគ្រោះថ្នាក់។
កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយដោយដកស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានមជ្ឈមណ្ឌលដឹកនាំសុវត្ថិភាពចរាចរណ៍ លោក អានុពង្ស ផៅចិន្តា ថាក្នុងរយៈពេល៧ថ្ងៃនៃការប្រារព្ធបុណ្យចូលឆ្នាំថ្មីឬដែលគេឲ្យឈ្មោះថា “៧ថ្ងៃដ៏គ្រោះថ្នាក់” ដែលទើបបញ្ចប់កាលពីថ្ងៃអាទិត្យ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន៣៤៤៧ករណី ដោយបណ្ដាលឲ្យមានមនុស្សរងរបួស៣៦៥៦នាក់។
ក្នុងថ្ងៃអាទិត្យតែមួយថ្ងៃដែលជាថ្ងៃចុងក្រោយមានគ្រោះថ្នាក់ចំនួន៣៤៣ករណីដោយបានសម្លាប់មនុស្សអស់៤៥នាក់និងរងរបួស៣៨៥នាក់។
ខេត្តឈៀងម៉ៃជាខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេក្នុងរយៈពេល៧ថ្ងៃនោះ ដោយមានគ្រោះថ្នាក់ចំនួន១៦៨ករណីនិងមានចំនួនអ្នករងរបួសធ្ងន់ច្រើនជាងគេដោយមនុស្សចំនួន១៧៥នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកទីក្រុងបាងកកនិងខេត្តនគររាជសីម៉ាជាក្រុងនិងខេត្តដែលមានមនុស្សស្លាប់ច្រើនជាងគេគឺ១៩នាក់ក្នុងខេត្តនីមួយៗ។
គ្រោះថ្នាក់ចំនួន៣៤%បណ្ដាលមកពីការបើកបរក្នុងពេលស្រវឹង ខណៈគ្រោះថ្នាក់បង្កឡើងដោយការបើកបរក្នុងល្បឿនលឿនមាន៣៣%។
យោងតាមរបាយការណ៍កាលពីឆ្នាំមុន ក្នុងរយៈពេល៧ថ្ងៃដូចគ្នាមានគ្រោះថ្នាក់ចំនួន៣៣៧៣ករណី បណ្ដាលឲ្យមនុស្ស៣៦៤នាក់ស្លាប់ ៣៥៥៩នាក់រងរបួស ហើយការបើកបរក្នុងពេលស្រវឹងគឺជាកត្តាចម្បងដែលនាំឲ្យមានគ្រោះថ្នាក់ដូចគ្នា៕