ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សជាច្រើននាក់បានស្លាប់និងរងរបួសក្នុងហេតុការណ៍វាយប្រហារគ្រាប់បែកអត្តឃាតមួយនៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាននៅព្រឹកថ្ងៃអង្គារនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានលោក Sedig Sedigi បានប្រាប់ទូរទស្សន៍ CNN ថាការវាយប្រហារនោះបានធ្វើឡើងតាមរយៈរថយន្តមួយគ្រឿងដែលមានផ្ទុកទៅដោយគ្រាប់បែក។ មន្ត្រីនគរបាលអាហ្វហ្គានីស្ថានមួយរូបបានឲ្យដឹងថា ការវាយប្រហារនោះបានសំដៅលើការិយាល័យរបស់ក្រុមសន្តិសុខដែលជាអ្នកការពារភ្ញៀវសំខាន់ៗរបស់រដ្ឋាភិបាល។
ទោះយ៉ាងណា ចំនួនមនុស្សស្លាប់និងរបួសនៅមិនទាន់ត្រូវបានគេបញ្ជាក់ច្បាស់នៅឡើយទេ។
ក្រុមតាលីបង់បានចេញសេចក្ដីថ្លែងការណ៍អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
ចំណែកនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរបស់ប្រធានាធិបតីបានថ្កោលទោសចំពោះការវាយប្រហារ “ភេរវកម្ម” នេះដែលបានសម្លាប់និងធ្វើឲ្យមនុស្សជាច្រើននាក់រងរបួស៕