ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ទើបទទួលបានតំណែងថ្មីបន្ថែមទៀតជាអគ្គមេបញ្ជាការយោធា ដែលធ្វើឲ្យលោកកាន់តែមានឥទ្ធិពលខ្លាំងក្នុងការងារគ្រប់គ្រងនិងបញ្ជាទៅលើកងទ័ពទាំងមូល។
លោក ស៊ី កាលពីម្សិលមិញបានទស្សនាមជ្ឈមណ្ឌលប្រតិបត្តិការរួមរបស់យោធា។ តាមសារព័ត៌មានរដ្ឋចិនបានបង្ហាញរូបភាពលោក ស៊ី ក្នុងសម្លៀកបំពាក់យោធាថ្នាក់មជ្ឈឹម។ នេះបើតាមសារព័ត៌មាន BBC។
គោលនយោបាយការបរទេសរបស់ចិនគឺការពង្រីកដែនអធិបតេយ្យភាពដែនដីរបស់ខ្លួន ពិសេសនៅប៉ុន្មានឆ្នាំនេះតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូងគឺចិនអះអាងថាជារបស់ខ្លួន។ យន្តហោះយោធាចិនបានចុះចតលើកោះមានជម្លោះនៅសមុទ្រចិនខាងត្បូង។
លោក ស៊ី បច្ចុប្បន្នជាអគ្គលេខាធិការគណបក្សកុម្មុនីស្ត ហើយក៏ជាប្រធានគណៈកម្មការកណ្តាលកងទ័ពប្រជាជនរំដោះជាតិ។
មានការចោទជាសំនួរថា តើហេតុអ្វីបានជាគេផ្តុំអំណាចឲ្យលោក ស៊ី?
អ្នកឆ្លើយឆ្លងឲ្យសារព័ត៌មាន BBC លើកឡើងថា លោក ស៊ី គឺជាតួអង្គសំខាន់ក្នុងការបង្រួបបង្រួមអំណាចចិនតែមួយ តែអ្នកខ្លះទៀតបកស្រាយថានេះគ្រាន់តែជាសារឃោសនាមួយប៉ុណ្ណោះ ព្រោះពេលនេះលោក ស៊ី ជាមេដឹកនាំផ្តាច់ការក្តាប់អំណាចពេញដៃ៕