ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានលើកឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយជំរុញឲ្យគ្រប់ភាគីជម្លោះនៅក្នុងប្រទេសស៊ីរី វិលរកតុចរចាដោយសន្តិវិធី ហើយផ្អាកការបាញ់គ្នាជាបណ្តោះអាសន្នសិន។
លោក អូបាម៉ា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអាល្លឺម៉ង់ថា កាលពីដើមសប្តាហ៍មុន លោកបាននិយាយទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីម ដើម្បីជជែកពីការធ្វើការរួមគ្នា ផ្អាកការបាញ់គ្នា និងធ្វើឲ្យភាគីពាក់ព័ន្ធចូលតុចរចាដើម្បីដោះស្រាយបញ្ហា។ នេះបើតាមសារព័ត៌មាន Channel News Asia។
ទោះយ៉ាងណាសេតវិមាននៅមិនទាន់ប្រាកដថា ភាគីអាចឈប់បាញ់គ្នាហើយងាកទៅរកការចរចាដោយសន្តិវិធីនោះទេ ខណៈប្រទេសនេះកំពុងបែកបាក់ខ្លាំង។
ទោះយ៉ាងណាសេតវិមានលើកឡើងថា ការឈប់បាញ់គ្នាវាមិនទាន់គ្រប់គ្រាន់ទេក្នុងការដោះស្រាយបញ្ហា តែវាផ្លូវតែមួយគត់នៃច្រកចេញដើម្បីដោះស្រាយជម្លោះដែលមានការកាប់សម្លាប់ព្រៃផ្សៃជាង៥ឆ្នាំមកនេះ បានបណ្តាលឲ្យមនុស្សជាង២០០ ០០០នាក់ស្លាប់៕