នាយករដ្ឋមន្ត្រីកាណាដាបានប្រកាសកាលពីថ្ងៃចន្ទថា ក្រុមសកម្មប្រយុទ្ធឥស្លាមនៅក្នុងប្រទេសហ្វីលីពីនបានសម្លាប់បុរសជនជាតិកាណាដាម្នាក់ដែលក្រុមនេះបានចាប់ជាចំណាប់ខ្មាំងអស់រយៈពេលជាច្រើនខែមក ដើម្បីជំរិតទារប្រាក់។
សារព័ត៌មាន Channel News Asia បានរាយការណ៍ថា កាលពីថ្ងៃចន្ទអាជ្ញាធរហ្វីលីពីនបានរកឃើញក្បាលរបស់ជនបរទេសម្នាក់នៅលើកោះដាច់ស្រយាលមួយ។ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានបញ្ជាក់ថា ជនបរទេសនោះជាជនជាតិកាណាដាឈ្មោះ John Ridsdel ដែលត្រូវបានក្រុមសកម្មប្រយុទ្ធឥស្លាមចាប់ខ្លួនកាលពីខែកញ្ញាកាលពីឆ្នាំមុនដើម្បីជំរិតទារប្រាក់។
លោក Justin Trudeau បានហៅការប្រហារជីវិតពលរដ្ឋរបស់ខ្លួនដោយពួកសកម្មប្រយុទ្ធឥស្លាមនោះថាជា “ឃតកម្មឈាមត្រជាក់”។
កាលពីខែកញ្ញា ឆ្នាំ២០១៥ លោក John Ridsdel និងបុរសជនជាតិរួមជាតិកាណាម្នាក់ ទៀតព្រមទាំងបុរសជនជាតិណរវសម្នាក់ និងស្ត្រីជនជាតិហ្វីលីពីនម្នាក់ ត្រូវបានក្រុមសកម្មប្រយុទ្ធឥស្លាមចាប់ខ្លួនធ្វើជាចំណាប់ខ្មាំងពីនាវាមួយក្បែរទីក្រុងដាវ៉ៅ (Davao)។ ពួកគេត្រូវបាននាំខ្លួនទៅកាន់កោះ Jolo ចម្ងាយប្រមាណ១០០០គីឡូម៉ែតពីទីក្រុងម៉ានីល។
ក្រុមខ្មាន់កាំភ្លើង អាប៊ូ សាយ៉ាស់ (Abu Sayyaf) បានបញ្ចេញវីដេអូឃ្លីបជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម បង្ហាញពីចំណាប់ខ្មាំងទាំងនោះនៅក្នុងព្រៃមួយ ដោយទាមទារប្រាក់២១លានដុល្លារសម្រាប់ជនបរទេសម្នាក់។ ក្នុងខ្សែវីដេអូនោះបុរសបរទេសទាំង៣នាក់ត្រូវបានគេបង្ខំឲ្យធ្វើការអង្វរករឲ្យមានការជួយសង្គ្រោះជីវិតពួកគេ។
លោក Ridsdel ដែលជានិវត្តជនម្នាក់អាយុ៦០ឆ្នាំ បាននិយាយនៅក្នុងវីដេអូចុងក្រោយគេថា លោកនឹងត្រូវគេសម្លាប់នៅថ្ងៃទី២៥ ខែមេសា ប្រសិនគ្មានប្រាក់ចំនួន៦លានដុល្លារដើម្បីលោះរូបលោកនោះទេ។
ប៉ុន្មានម៉ោងបន្ទាប់ពីឱសានវាទបានផុត នគរបាលហ្វីលីពីនបានរាយការណ៍ថាបុរសពីនាក់បានយកក្បាលមួយទៅទម្លាក់ចោលនៅក្បែរសាលាក្រុងមួយលើកោះ Jolo ដែលជាកោះគ្មានច្បាប់ទម្លាប់និងជាតំបន់កាន់កាប់មួយក្នុងចំណោមតំបន់ដែលកាន់កាប់ដោយក្រុម អាប៊ូ សាយ៉ាស់៕