អ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវដល់មេដឹកនាំសហរដ្ឋអាមេរិក និងរុស្ស៊ីឲ្យជួយការពារបទឈប់បាញ់មានអាយុកាល២ខែនៅក្នុងប្រទេសស៊ីរីនិងស្ដារឡើងវិញដំណើរការសន្តិភាពដែលខូចខាត។ នេះបើយោងតាមការផ្សាយព័ត៌មានរបស់ Channel News Asia។
លោក ស្តាហ្វាន់ ដេ មីស្ទូរ៉ា (Staffan de Mistura) បេសកជនពិសេសអង្គការសហប្រជាជាតិបានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះបទឈប់បាញ់ដែលកំពុងជាប់គាំងនៅទីក្រុងអាឡិបប៉ូ (Aleppo) និងតំបន់បីផ្សេងទៀត បើទោះបីជាលោកបានឃើញជំហរខិតជិតគ្នារវាងរដ្ឋាភិបាលនិងក្រុមប្រឆាំងចំពោះការផ្លាស់ប្ដូរនយោបាយក៏ដោយ។
លោក ដេ មីស្ទូរ៉ា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា លោកអំពាវនាវឲ្យមានការផ្ដួចផ្ដើមជាបន្ទាន់ពីសំណាក់សហរដ្ឋអាមេរិកនិងរុស្ស៊ី ដោយសារកេរ្តិ៍ដំណែលលោកប្រធានាធិបតី អូបាម៉ា និងលោកប្រធានាធិបតី ពូទីន មានជាប់ពាក់ព័ន្ធទៅនឹងជោគជ័យនៃការផ្ដួចផ្ដើមឲ្យមានសន្តិភាពដែលបានចាប់ផ្ដើមយ៉ាងល្អ។ វាត្រូវការបញ្ចប់ទៅដោយល្អផងដែរ។
លោកបន្តថា អាមេរិកនិងរុស្ស៊ី ត្រូវតែបង្កើតនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយជាមួយមហាអំណាចធំៗនិងមហាអំណាចថ្នាក់តំបន់ ដែលបង្កើតបានជាក្រុមអន្តរជាតិគាំទ្រប្រទេសស៊ីរី។
គណៈកម្មាធិការចរចាជាន់ខ្ពស់ដែលជាក្រុមប្រឆាំងធំរបស់ស៊ីរី បានដកខ្លួនចេញពីកិច្ចពិភាក្សាផ្លូវការកាលពីមួយសប្ដាហ៍មុន ដើម្បីតវ៉ាទៅនឹងការបន្តប្រយុទ្ធនិងការផ្ដល់ជំនួយដ៏យឺតយ៉ាវ៕
ប្រភព៖ Channel News Asia