ទីក្រុងប៉េកាំងប្រកាសថា ខ្លួននឹងព្យាយាមធ្វើយ៉ាងណាមិនអនុញ្ញាតឲ្យមានសង្រ្គាមឬចលាចលណាមួយផ្ទុះឡើងបំបែកឧបទ្វីបកូរ៉េនោះទេព្រោះថាវាមិនបាននាំមកនូវផលប្រយោជន៍អ្វីនោះទេ។
នេះជាការថ្លែងរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ប្រាប់ទៅកាន់រដ្ឋមន្ត្រីការបរទេសនៅអាស៊ីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមសារព័ត៌មាន The telegraph។
បច្ចុប្បន្នកូរ៉េខាងជើងកំពុងធ្វើការវិវត្តកម្មវិធីអាវុធនុយក្លេអ៊ែរបស់ខ្លួនដែលជាការរឹងទទឹងទៅនឹងការស្នើឡើងនៃដំណោះស្រាយរបស់អង្គការសហប្រជាជាតិដែលនេះ ចិនលើកឡើងថាជាផ្នែកមួយដែលបង្កភាពតានតឹងនៅក្នុងតំបន់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលើសកម្មភាពអន្តរជាតិនិងទំនុកចិត្តក្នុងវិធានការកសាងអាស៊ី លោក ស៊ីបញ្ជាក់ថាក្នុងនាមជាប្រទេសជិតខាងរបស់ឧបទ្វីបកូរ៉េ គឺនឹងមិនអនុញ្ញាតឲ្យមានសង្គ្រាមឬចលាចលកើតឡើងទេ។ លោកថាស្ថានភាពនេះមិនបានផ្តល់ផលចំណេញដល់ក្រុមណាមួយនោះទេ។
កាលពីខែមករា កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែលើកទី៤របស់ខ្លួនតាមការការបាញ់បង្ហោះមីស៊ីលដែលអាចនាំក្បាលគ្រាប់ទៅបាន។
មានការអះអាងផ្សេងគ្នាថាកូរ៉េខាងជើងនឹងបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនជាថ្មីទៀតមុនការធ្វើសមាជដ៏កម្រមួយនៅថ្ងៃទី៦ខែឧសភា ដែលដឹកនាំដោយលោក គីម ជុងអ៊ុន៕