អ្នកការទូតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញព្រមានកូរ៉េខាងជើងថា នឹងធ្វើការឆ្លើយតបចំពោះការរឹងទទឹងបន្តការបាញ់សាកល្បងអាវុធមីស៊ីលឆ្លងទ្វីប។
បន្ទាប់ពីមានសំណើមួយរបស់សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកការពិភាក្សាដោយបិទទ្វារមួយលើករណីការបាញ់សាកល្បងអាវុធមីស៊ីលកម្រិតមធ្យមចំនួនពីរ កាលពីម្សិលមិញរបស់កូរ៉េខាងជើង ដែលហេតុការណ៍នេះនាំឲ្យមានការភ័យខ្លាចថាប្រទេសកូរ៉េខាងជើងកំពុងព្យាយាមសាកល្បងអាវុធ នុយក្លេអ៊ែលើកទី៥របស់ខ្លួន។ នេះបើតាមសារព័ត៌មាន Channel News Asia ។
ក្នុងរយៈពេល២សប្តាហ៍នេះ កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធមីស៊ីល Musudan របស់ខ្លួនចំនួន៣លើក ដែលអាវុធនេះអាចមានលទ្ធភាពបាញ់ដល់មូលដ្ឋានទ័ពអាមេរិកនៅកោះ Guam នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
មន្ត្រីទូតចិនប្រចាំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Liu Jieyi ថ្លែងប្រាប់អ្នកសារព័ត៌មានថា ចិនកំពុងតែឆ្លើយតបទៅនឹងការបាញ់សាល្បងអាវុធរបស់កូរ៉េខាងជើងនេះ។ ទោះយ៉ាងណាលោកមិនបានបញ្ជាក់ថា តើចិនកំពុងឆ្លើយតបដោយរបៀបណានោះទេ។
មន្ត្រីទូតជប៉ូនប្រចាំនៅអង្គការសហប្រជាជាតិលោក Motohide Yoshikawa ថ្លែងថា រដ្ឋាភិបាលរបស់លោក ថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់សាកល្បអាវុធដែលបង្កជម្លោះជាបន្តបន្ទាប់នេះ។ លោកបញ្ជាក់ថា សកម្មភាពនេះគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខរបស់ជប៉ុន៕