នាវា​អាមេរិក​ទី​មួយ​ចូល​ចត​នៅ​គុយបា​ក្រោយ​ស្ដារ​ចំណង​កាទូត​ឡើង​វិញ

នាវាអេដូនៀ (Adonia) (រូបភាពពី AFP)

នាវាអាមេរិកទី១ដែលធ្វើដំណើរទៅប្រទេសគុយបានៅក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ បានចូលចតនៅទីក្រុងហាវ៉ាណានៅថ្ងៃអង្គារនេះ ដោយបានគូសបញ្ជាក់នូវរបត់ប្រវត្តិសាស្ត្រថ្មីនៃទំនាក់ទំនងរវាងប្រទេសជាគូសត្រូវចាស់ក្នុងសម័យសង្គ្រាមត្រជាក់។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia។

ក្រុមមហាជនបានឈរគ្រវីទង់ជាតិអាមេរិកនិងគុយបា ហើយផ្តិតរូបភាពទាំងនេះតាមទូរស័ព្ទដៃរបស់ពួកគេ ខណៈដែលនាវាអេដូនៀ (Adonia) បានចូលចតនៅក្នុងកំពង់ផែទីក្រុងហាវ៉ាណា បន្ទាប់ពីចាកចេញពីទីក្រុងម៉ៃអាមីកាលពីថ្ងៃអាទិត្យកន្លងមកនេះ។

នាវានេះបានដឹកអ្នកដំណើរ៧០០នាក់ក្នុងនោះមានពលរដ្ឋអាមេរិកដើមកំណើតគុយបាផងដែរ ដោយបានធ្វើដំណើរត្រឡប់ទៅដែនដីកោះប្រកាន់របបកុម្មុយនីស្តមួយនេះជាលើកដំបូងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។

អ្នកនាង យ៉ាណី ខាជីហ្គល (Yaney Cajigal) អ្នករបាំអាយុ៣២ឆ្នាំស្ទើរតែមិនអាចទប់អារម្មណ៍រំភើបរីករាយរបស់នាងបាន ខណៈនាងកំពុងរង់ចាំដំណើរមកដល់របស់ក្មួយស្រីនាង។ នាងបានប្រាប់អ្នកកាសែតថា៖ «រឿងនេះអស្ចារ្យណាស់សម្រាប់ខ្ញុំ។ នេះគឺជារឿងដ៏គួរឲ្យរំភើបណាស់។ យើងកំពុងស្វាគមន៍របស់ពួកគេ ដោយមានទង់ជាតិគុយបា និងសហរដ្ឋអាមេរិក។ ហេតុនេះគ្រប់យ៉ាងនឹងមានឯកភាព សន្តិភាព និងស្ងប់សុខ»។

វាគឺជាដំណើរជាលើកទីមួយដែលក្រុមកានីវ៉ាល់និយាយថា នាវានេះនឹងក្លាយជានាវាដែលធ្វើដំណើរពីរដងទៅកាន់ប្រទេសគុយបាក្នុងគោលបំណងជំរុញការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរ ក្រោយពីមានទំនាក់ទំនងនឹងគ្នាកាលពីខែធ្នូឆ្នាំ២០១៤កន្លងមកដែលឈានទៅដល់ការស្ដារទំនាក់ទំនងកាទូតពេញលេញកាលពីឆ្នាំមុន៕

ប្រភព៖ Channel News Asia

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ