អ្នកធ្វើការលើនាវាជនជាតិឥណ្ឌូនេស៊ីដែលពួកក្រុមឧទ្ទាមឥស្លាម Abu Sayyaf ចាប់ធ្វើជាចំណាប់ខ្មាំងនៅក្នុងប្រទេសហ្វីលីពីននោះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីមានការអន្តរាគមន៍យ៉ាងស្វិតស្វាញរបស់រដ្ឋាភិបាល។
ព័ត៌មាននៃការដោះលែងនេះគឺប្រកាសដោយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo តាមទូរទស្សន៍រដ្ឋកាលចុងសប្តាហ៍មុន។ លោកបន្តថាចំណាប់ខ្មាំងត្រូវក្រុមឧទ្ទាមចាប់ខ្លួនតាំងពីថ្ងៃទី២៦ខែមីនានោះ ស្ថិតក្នុងលក្ខខណ្ឌល្អប្រសើរ ហើយពួកគេបានទៅដល់ចាការតាវិញកាលពីយប់ថ្ងៃអាទិត្យ។ នេះបើតាមសារព័ត៌មាន CNN។
លោក Widodo បានថ្លែងអំណរគុណដល់រដ្ឋាភិបាលហ្វីពីលីននិងភាគីផ្សេងៗទៀត ដែលបានជួយជ្រោមជ្រែងរហូតដល់មានការដោះលែងចំណាប់ខ្មាំងទាំង១០នាក់នេះ។
ក្រុមមន្ត្រីនៅខេត្ត ស៊ូលូ នៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន បានបង្ហាញរូបថតដែលក្រុមចំណាប់ខ្មាំងទាំងនោះទទួលបានអាហារសម្រាប់បរិភោគមុនពេលការដោះលែង។
ជនជាតិឥណ្ឌូនេស៊ីទាំង១០នាក់ដែលត្រូវពួកឧទ្ទាមចាប់ធ្វើចំណាត់ខ្មាំងនេះគឺខណៈពួកគេស្ថិតនៅលើទូកដឹកធ្យូងចំនួន៧០០០តោន ចេញពីឥណ្ឌូនេស៊ីទៅភាគខាងត្បូងនៃប្រទេសហ្វីលីពីនកាលពីខែមីនា៕