ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រធានាធិបតីថ្មីភូមាបានជំរុញឲ្យបង្កើតក្រសួងថ្មីមួយសម្រាប់តួនាទីជាទីប្រឹក្សារដ្ឋរបស់លោកស្រី អ៊ុង សានស៊ូជី។ ការសម្រេចចិត្តនេះនឹងពង្រឹងឥទ្ធិពលរបស់លោកស្រី ស៊ូជី និងអាចប៉ះពាល់ដល់ពួកយោធា។
រដ្ឋធម្មនុញ្ញដែលសរសេរដោយពួកយោធា បានរារាំងលោកស្រី ស៊ូជី មិនឲ្យចូលកាន់តំណែងប្រធានាធិបតីនៃប្រទេសភូមាឡើយ បើទោះបីជាលោកស្រីបានដឹកនាំគណបក្សរបស់លោកស្រីទទួលបានជោគជ័យយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុនក៏ដោយ។
ផ្ទុយទៅវិញ លោកស្រី ស៊ូជី បានកាន់កាប់តំណែងជាន់ខ្ពស់ផ្សេងទៀតក្នុងនោះមានតំណែងរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យប្រធានាធិបតីនិងប្រធានក្រុមប្រឹក្សារដ្ឋជាតួនាទីទើបតែបង្កើតឡើងយ៉ាងពិសេស ដែលផ្ដល់អំណាចដល់លោកស្រីសម្រាប់ដឹកនាំកិច្ចការសភា។ ឥទ្ធិពលដ៏ធំធេងរបស់លោកស្រីនៅក្នុងរដ្ឋាភិបាលបានជួយឲ្យអ្នកនយោបាយជើងចាស់រូបនេះបំពេញកិច្ចការនៅពីលើលោក ទិន ចាវ ដែលជាប្រធានាធិបតីថ្មីរបស់ភូមានិងជាមនុស្សជំនិតបំផុតរបស់លោកស្រី ស៊ូជី។
ទីភ្នាក់ងារព័ត៌មាន AFP ក្រោយពីបានចូលកាន់តំណែងបានមួយរយៈ លោកស្រី ស៊ូជី បានប្រើប្រាស់តួនាទីជាប្រធានក្រុមប្រឹក្សារដ្ឋ ដើម្បីប្រកាសដោះលែងអ្នកទោសនយោបាយជាច្រើនកាលពីខែមេសាកន្លងមកនេះ។
លោកស្រី ស៊ូជី ក៏បានជួបជាមួយជនបរទេសសំខាន់ៗផងដែរ ហើយនៅថ្ងៃសុក្រនេះលោកស្រីបានអមដំណើរលោក ទិន ចាវ ទៅកាន់ប្រទេសឡាវដែលជាដំណើរទស្សនកិច្ចអន្តរជាតិលើកទីមួយក្នុងនាមជាប្រធានាធិបតីថ្មី។
សារព័ត៌មានរដ្ឋ Global New Light of Myanmar បានរាយការណ៍នៅថ្ងៃសុក្រនេះថា សំណើបង្កើតក្រសួងថ្មីសម្រាប់គាំទ្រតួនាទីរបស់លោកស្រីនោះមានបំណងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការផ្សះផ្សារជាតិ សន្តិភាពផ្ទៃក្នុង អភិវឌ្ឍន៍ជាតិ និងនីតិរដ្ឋ។
សំណើនេះនឹងត្រូវលើកយកទៅពិភាក្សានៅក្នុងសភានៅសប្ដាហ៍ក្រោយ។
សំណើនេះនឹងទទួលបានការជំទាស់ពីសមាជិកសភាយោធាដែលប្រឆាំងយ៉ាងខ្លាំងក្លាទៅនឹងតំណែងប្រធានក្រុមប្រឹក្សារដ្ឋដែលត្រូវបានគេបង្កើតឡើងយ៉ាងពិសេសសម្រាប់លោកស្រី ស៊ូជី។
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី អាចអនុម័តសំណើនេះដោយងាយស្រួល ដោយសារគណបក្សលោកស្រីកាន់កាប់អាសនៈភាគច្រើនក្នុងសភា។
រដ្ឋាភិបាលស៊ីវិលដំបូងរបស់ភូមាកំពុងប្រឈមមុខនឹងបញ្ហានានានៅក្នុងប្រទេសដែលរួមរឹតទៅដោយភាពក្រីក្រ អំពើពុករលួយ និងជម្លោះប្រដាប់អាវុធ បន្ទាប់ពីពួកយោធាកាន់អំណាចជាច្រើនទសវត្សរ៍មកហើយ៕
ប្រភព៖ Channel News Asia