ក្រុមអ្នកសង្កេតការណ៍បាននិយាយថាមនុស្សយ៉ាងហោច២៨នាក់ត្រូវបានគេសម្លាប់នៅក្នុងករណីវាយប្រហារតាមផ្លូវអាកាសមួយទៅលើជំរុំជនភៀសខ្លួនមួយនៅភាគខាងជើងប្រទេសស៊ីរីជាទីដែលស្ថិតក្រោមការកាន់កាប់របស់ពួកបះបោរ។
សារព័ត៌មាន BBC បានរាយការណ៍ថារូបភាពបង្ហោះនៅលើបណ្ដាញសង្គមបានបង្ហាញតង់ដែលរងការបំផ្លិចបំផ្លាញនៅឯជំរុំ Kamouna ស្ថិតនៅជិតតំបន់ Sarmada ក្នុងខេត្ត Idlib ជាប់ព្រំដែនប្រទេសតួកគី។
សារព័ត៌មាននានាបានរាយការណ៍ថាពុំមានការបញ្ជាក់ឲ្យច្បាស់ថា តើការវាយប្រហារនេះធ្វើឡើងដោយយន្តហោះចម្បាំងរបស់ស៊ីរីឬរុស្ស៊ីនោះទេ។
ការវាយប្រហារនេះកើតឡើងមួយថ្ងៃក្រោយពីការបន្តអនុវត្តបទឈប់បាញ់។
យោធាស៊ីរីនិងកម្លាំងបះបោរដែលមិនមែនជាក្រុមជីហាដបានឯកភាពគ្នាទៅលើបទឈប់បាញ់គ្នាបណ្ដោះអាសន្នមួយនៅតំបន់ជុំវិញទីក្រុង Aleppo ក្រោយពីមានសម្ពាធពីសហរដ្ឋអាមេរិកនិងរុស្ស៊ី។
បទឈប់បាញ់នៅទូទាំងប្រទេសបានកើតមានចាប់តាំងពីខែកុម្ភៈមក ប៉ុន្តែបទឈប់បាញ់នេះបានស្ថិតនៅក្រោមសម្ពាធដ៏ធ្ងន់ធ្ងរនាពេលថ្មីៗនេះជាពិសេសនៅជុំវិញទីក្រុង Aleppo ជាទីដែលមនុស្សប្រហែល៣០០នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាក្នុងរយៈពេល២សប្ដាហ៍កន្លងមកនេះ។
អង្គការសហប្រជាជាតិបានព្រមានថាប្រសិនបើបទឈប់បាញ់នៅទូទាំងប្រទេសទទួលបរាជ័យមហន្តរាយនឹងកើតមានឡើង ហើយមនុស្ស៤សែននាក់ទៀតនឹងក្លាយទៅជាជនភៀសខ្លួននៅតាមព្រំដែនជាប់ប្រទេសតួកគី៕