ត្រីយ៉ាងតិច៣៥តោនបានស្លាប់នៅក្នុងបឹងមួយកន្លែងស្ថិតនៅភាគខាងត្បូងប្រទេសចិន ដែលបណ្ដាលឲ្យប្រជាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។
សារព័ត៌មានរដ្ឋចិនបានរាយការណ៍ថា ពំនូកត្រីយ៉ាងធំត្រូវគេប្រមូលបានពីបឹងមួយនៅក្នុងខេត្តហៃណានកាលពីសប្ដាហ៍មុន។
ប្រជាពលរដ្ឋបានបង្ហាញក្ដីបារម្ភអំពីការបំពុល ប៉ុន្តែអាជ្ញាធរមូលដ្ឋាននិយាយថាត្រីទាំងនោះស្លាប់បណ្ដាលមកពីការប្រែប្រួលនៃជាតិអំបិល។
សារព័ត៌មាន People’s Daily បានរាយការណ៍ថាការប្រែប្រួលកម្រិតអំបិលនេះបានកើតឡើងបន្ទាប់ពីលំនាចទឹកបានរុញច្រានត្រីទាំងនោះឲ្យចូលទៅក្នុងបឹង Hongcheng ស្ថិតក្នុងទីក្រុង Haikou។
មន្ត្រីបរិស្ថានប្រចាំតំបន់កំពុងធ្វើការស៊ើបអង្កេតទៅលើករណីនេះ។
យោងតាមសារព័ត៌មាន People’s Daily គេពុំបានដឹងពីប្រភេទត្រីដែលស្លាប់រាបសិបតោននោះទេ។ ត្រីនោះមានទំហំពាក់កណ្ដាលប្រអប់ដៃ ហើយអ្នកស្រុកនិយាយថាពួកគេមិនដែលឃើញប្រភេទត្រីទាំងនោះនៅក្នុងបឹងនោះទេកាលពីមុន។
បុគ្គលិកអនាម័យរាប់សិបនាក់បានចេញសម្អាតត្រីទាំងនោះអស់រយៈពេលជាច្រើនម៉ោង ដើម្បីទប់ស្កាត់ការយកត្រីនោះទៅលក់ឲ្យអ្នកទទួលទាន៕
ប្រភព៖ CNN