ប្រទេសឥណ្ឌូណេស៊ីចង់បានប្រទេសកូរ៉េខាងត្បូងធ្វើជាដៃគូរបស់ខ្លួនក្នុងការជំរុញឧស្សាហភាវូបនីយកម្មនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍នេះ។
សារព័ត៌មាន Channel News Asia បានរាយការណ៍ថា លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo ដែលកំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងនោះបានថ្លែងថាប្រទេសរបស់លោកមានសក្ដានុពលសម្រាប់ឲ្យកូរ៉េខាងត្បូងវិនិយោគ។
នៅក្រោយជំនួបជាមួយលោកស្រីប្រធានាធិបតី Park Geun-Hye នៅទីក្រុងសេអ៊ូល កាលពីថ្ងៃម្សិលមិញ លោក Widodo បានថ្លែងថា ជាមួយសក្ដានុពលខ្ពស់នៃការវិនិយោគរបស់កូរ៉េខាងត្បូងនៅក្នុងឧស្សាហកម្មផ្សេងៗ ឥណ្ឌូណេស៊ីចង់ឲ្យកូរ៉េខាងត្បូងធ្វើជាដៃគូ ដើម្បីជំរុញឧស្សាហភាវូបនីយកម្មនៅឥណ្ឌូណេស៊ី។
ការវិនិយោគរបស់កូរ៉េខាងត្បូងនៅឥណ្ឌូណេស៊ីបានកើនឡើងពី១.១២ពាន់លានដុល្លារនៅឆ្នាំ២០១៤ដល់ ១.២១ពាន់លានដុល្លារនៅឆ្នាំ២០១៥កន្លងមកនេះ។
មេដឹកនាំនៃប្រទេសទាំងពីរបានធ្វើជាអធិបតីនៃពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន៧ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យនានា ក្នុងនោះមានការបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសនៅឥណ្ឌូណេស៊ីផងដែរ។
ឥណ្ឌូណេស៊ីក៏បានកូរ៉េខាងត្បូងធ្វើជាដៃគូក្នុងការអភិវឌ្ឍសមត្ថភាពឧស្សាហកម្មដែកថែបរបស់ខ្លួនផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល។
បើទោះបីជាការវិនិយោគរបស់កូរ៉េខាងត្បូងនៅឥណ្ឌូណេស៊ីមានដំណើរការល្អ ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានធ្លាក់ចុះពី២២.៤៧ពាន់លានដុល្លារនៅឆ្នាំ២០១៤មកនៅត្រឹម១៦.៧ពាន់លានដុល្លារនៅឆ្នាំ២០១៥៕
ប្រភព៖ Channel News Asia