ប្រទេសថៃគ្រោងបិទកោះ Tachai ខណៈអាជ្ញាធរប្រទេសនេះព្រមានថាចំនួនភ្ញៀវទេសចរដ៏ច្រើនលើសលប់ កំពុងធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិនិងបរិស្ថាន។
យោងតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ បានឲ្យដឹងថាកោះ Tachai ដែលស្ថិតនៅក្នុងខេត្តផាំងង៉ា នោះ គឺជាផ្នែកមួយនៃឧទ្យានជាតិស៊ីមីឡាន។
កាសែតនេះបានរាយការណ៍បន្ថែមថា ឧទ្យានជាតិដែនសមុទ្ររបស់ថៃស្ទើតែទាំងអស់ត្រូវបានអាជ្ញាធរបិទចាប់ពីពាក់កណ្ដាលខែឧសភានេះ រហូតដល់ពាក់កណ្ដាលខែតុលានៅក្នុងរដូវភ្លៀង ប៉ុន្តែកោះ Tachai នឹងមិនបើកឡើងវិញឡើយ។
ឧទ្យានជាតិមួយនេះគឺជាទីពេញនិយមរបស់ភ្ញៀវទេសចរនិងអ្នកលោតទឹកដែលអាចរកកន្លែងលោតទឹកបានតែពីរបីកន្លែងប៉ុណ្ណោះនៅតំបន់នោះ។
អ្នកគ្រប់គ្រងឧទ្យានជាតិនោះបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ឧទ្យានជាតិនោះនឹងត្រូវបិទ ដើម្បីស្ដារទាំងបរិស្ថាននៅលើកោះនិងនៅក្នុងសមុទ្រ ដែលរងការយាយីពីសកម្មភាពទេសចរណ៍នៅឡើយមុននឹងមហន្តរាយកើតឡើងរហូតមិនអាចស្ដារឡើងវិញបាន។
សារព័ត៌មានក្នុងប្រទេសថៃបានរាយការណ៍ថាកោះ Tachai នេះអាចទទួលមនុស្សបានប្រហែល៧០នាក់ ប៉ុន្តែ ពេលខ្លះចំនួនភ្ញៀវទេសចរបានកើនដល់ទៅជាង១ពាន់នាក់។
អ្នកជំនាញនិយាយថាចំនួនភ្ញៀវទេសចរដ៏ច្រើនបែបនេះវាហួសពីសមត្ថភាពទ្រទ្រង់របស់កោះនេះនិងកំពុងបង្កការខូចខាតដែលប្រហែលជាមិនអាចស្ដារឡើងវិញបាន។
ប្រទេសថៃទាក់ទាញ់បានភ្ញៀវទេសចរ១០លាននាក់ក្នុងមួយឆ្នាំដោយភ្ញៀវទេសចរជាច្រើនចូលចិត្តទៅកម្សាន្តនៅតាមឆ្នេរនិងបណ្ដាកោះស្រស់ស្អាតរបស់ប្រទេសនេះ៕