សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃពុធនេះ ខ្លួននឹងលើកលែងទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសនេះបានប្រគល់អំណាចទៅរដ្ឋាភិបាលស៊ីវិលមួយ ក្រោយពីស្ថិតក្រោមការគ្រប់គ្រងរបស់ពួកយោធាអស់រយៈពេល៥ទសវត្សរ៍មកហើយនោះ។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា លោក Adam Szubin អនុរដ្ឋមន្ត្រីរតនាគារជាតិអាមេរិកបានថ្លែងថា ការផ្លាស់ប្ដូរអំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលមួយដែលដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី និងគណបក្សរបស់លោកស្រីកាលពីឆ្នាំមុននោះគឺជាចំណុចរបត់ប្រវត្តិសាស្ត្រ។
លោក Szubin បាននិយាយថា បច្ចុប្បន្ននេះអាមេរិកបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លាដល់ដំណើររីកចម្រើនខាងនយោបាយនិងសេដ្ឋកិច្ច។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់របស់អាមេរិកបាននិយាយថា ជ័យជម្នះរបស់រដ្ឋាភិបាលស៊ីវិលគឺជាគោលបំណងដែលគោលនយោបាយទណ្ឌកម្មចង់បានជាយូរមកហើយ។
សេចក្ដីសម្រេចថ្មីនេះបានលុបចោលការរឹតបន្តឹងលើសកម្មភាពពាណិជ្ជកម្មនិងហិរញ្ញវត្ថុរបស់ពលរដ្ឋអាមេរិករស់នៅប្រទេសមីយ៉ាន់ម៉ា។
សេចក្ដីសម្រេចនេះក៏បានលុបចោលទណ្ឌកម្មទៅលើធនាគារបី ដែលបើកផ្លូវឲ្យពលរដ្ឋអាមេរិកអាចធ្វើពាណិជ្ជកម្មតាមធនាគារណាមួយនៅក្នុងប្រទេសនេះ៕
ប្រភព៖ Channel News Asia