សេដ្ឋកិច្ចហ្វីលីពីនមានកំណើន៦.៩ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះបើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងមក។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថានេះគឺជាកំណើនខ្ពស់ជាងការព្យាករទុកនិងជាកំណើនខ្ពស់បំផុតប្រចាំត្រីមាសនៅក្នុងរយៈពេលជិត៣ឆ្នាំមកនេះ ខណៈដែលរដ្ឋាភិបាលត្រៀមផ្ទេរអំណាចទៅឲ្យរដ្ឋាភិបាលថ្មីនាពេលខាងមុខនេះ។
រដ្ឋមន្ត្រីផែនការសេដ្ឋកិច្ច លោក Emmanuel Esguerra បាននិយាយថាដំណើរការសេដ្ឋកិច្ចដ៏ខ្លាំងក្លាបែបនេះ បង្ហាញថា សេដ្ឋកិច្ចកំពុងមានកំណើនដែលអាចសម្រេចទៅតាមគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំកម្រិត៦.៨ភាគរយទៅ៧.៨ភាគរយ។
ចំណែករដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Cesar Purisima បាននិយាយថារដ្ឋាភិបាលថ្មីនឹងទទួលបានកំណើនសេដ្ឋកិច្ចលូតលាស់លឿន ដោយសារតែកេរ្តិ៍ដំណែលរដ្ឋាភិបាលចាស់នៅក្នុងរយៈពេល៦ឆ្នាំមកនេះ។
សេដ្ឋកិច្ចហ្វីលីពីនមានកំណើនជាមធ្យម៦.២ភាគរយនៅក្នុងរយៈពេល៦ឆ្នាំមកនេះ។ ចំណែកកំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៤ឆ្នាំ២០១៥មានកម្រិត៦.៥ភាគរយ។
ការរីកចម្រើនផ្នែកសេវាកម្ម ឧស្សាហកម្ម និងវិនិយោគបានជំរុញដល់កំណើនសេដ្ឋកិច្ចនៅត្រីមាសទី១នេះ បើទោះបីជាវិស័យកសិកម្មនៅបន្តធ្លាក់ចុះក៏ដោយ។
សេដ្ឋកិច្ចហ្វីលីពីននៅត្រីមាសទី១នេះក៏មានកំណើនលើសពីបណ្ដាប្រទេសមានសេដ្ឋកិច្ចធំៗទាំង១១នៅតំបន់អាស៊ីផងដែរ ខណៈប្រទេសចិនទទួលបានកំណើន៦.៧ភាគរយ សេដ្ឋកិច្ចវៀតណាមមានកំណើនត្រឹម៥.៥ភាគរយ ហើយឥណ្ឌូណេស៊ីមានកំណើនត្រឹមតែ៤.៩ភាគរយប៉ុណ្ណោះ៕