មេដឹកនាំយោធាថៃលោកឧត្តសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានប្តេជ្ញាថាលោកនឹងរៀបចំសេវាអប់រំរដ្ឋដល់កុមារថៃឲ្យបាន១៥ឆ្នាំ ដើម្បីពង្រឹងសមត្ថភាពសិស្សឲ្យយល់ដឹងកាន់តែច្បាស់ពីបញ្ហាជីវិតនិងបច្ចេកវិទ្យាថ្មីៗ។
ការប្តេជ្ញារបស់នាយករដ្ឋមន្ត្រីថៃនេះធ្វើឡើងនៅពេលដែលលោកបានជួបជុំជាមួយគ្រូបង្រៀនប្រមាណ២០ ០០០នាក់នៅក្នុងខេត្តណូនថាបូរី កាលពីថ្ងៃទី១៤ខែឧសភា។
ការប្រកាសរបស់លោក ប្រាយុទ្ធ ចាន់អូចា នេះគឺធ្វើឡើង ខណៈសេចក្តីព្រាងថ្មីនៃរដ្ឋធម្មនុញ្ញដែលព្រាងឡើងដោយក្រុមយោធាកំពុងមានភាពចម្រូងចម្រាស់អាចនឹងមិនមានការគាំទ្រពីប្រជាពលរដ្ឋនៅពេលបោះឆ្នោតធ្វើប្រជាមតិនៅថ្ងៃទី៧ខែសីហា។ ការសន្យាផ្តល់ការអប់រំ១៥ឆ្នាំដោយមិនគិតថ្លៃនេះគឺលើសពីសេចក្តីព្រាងរដ្ឋធម្មនុញ្ញបច្ចុប្បន្នដែលកំណត់ផ្តល់ការអប់រំមិនគិតលុយតែ១២ឆ្នាំប៉ុណ្ណោះ។ នេះបើតាមសារព័ត៌មាន The Nation។
លោក ប្រាយុទ្ធ ពន្យល់ថាការផ្តល់សេវាអប់រំ១៥ឆ្នាំដោយមិនឲ្យបង់លុយនេះគឺជាគោលនយោបាយរបស់រដ្ឋាភិបាលមិនមានចែងនៅក្នុងច្បាប់ទេ។ ទោះយ៉ាងណាលោកបញ្ជាក់ថាបច្ចុប្បន្នរដ្ឋាភិបាលរបស់លោកកំពុងពិនិត្យលទ្ធភាពក្នុងការដាក់គោលនយោបាយអប់រំនេះចូលទៅក្នុងច្បាប់៕