ប្រទេសរុស្ស៊ីនិងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការខាងវិស័យយោធា ថាមពល និងស្បៀងអាហារ។
ទីភ្នាក់ងារព័ត៌មានស៊ិនហួរ បានរាយការណ៍ថាកិច្ចព្រមព្រៀងទាំងនោះត្រូវបានចុះហត្ថលេខាក្រោយពីមានជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ និងនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃពុធម្សិលមិញ។
ប្រទេសថៃគ្រោងទិញឧទ្ធម្ភាគចក្រពីរុស្ស៊ី ហើយក៏អាចទិញសម្ភារៈយោធារុស្ស៊ីសម្រាប់បំពាក់កងទ័ពជើងអាកាសនិងជើងគោករបស់ខ្លួនផងដែរ។
ទោះជាយ៉ាងណា លោក ប្រាយុទ្ធ បាននិយាយថាកិច្ចព្រមព្រៀងនេះគួរតែមានប្រយោជន៍ទៅវិញទៅមក ហើយលោកបានស្នើឲ្យរុស្ស៊ីចុះកិច្ចព្រមព្រៀងទទួលយកការផ្គត់ផ្គង់ផលិតផលកសិកម្មពីប្រទេសថៃ។
ប្រទេសទាំងពីរក៏បានចុះហត្ថលេខាកិច្ចអនុស្សារណៈយោគយល់គ្នាស្ដីពីការគ្រប់គ្រងសុវត្ថិភាពលើការនាំចេញ និងនាំចូលផលិតផលត្រីផងដែរ។
ក្រុមហ៊ុន Gazprom និង Novatek បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់និងកិច្ចសហការជាមួយក្រុមហ៊ុនប្រេងថៃ PTT។
លោក ឌីមីទ្រី មេដវ៉េដេវ បាននិយាយថាពាណិជ្ជកម្មរវាងប្រទេសទាំងពីរអាចកើនដល់១០ពាន់លានដុល្លារក្នុងមួយឆ្នាំនៅពេលអនាគត៕