ក្រុមអ្នកជួយសង្គ្រោះប្រទេសស្រីលង្កាកំពុងស្វែងរកមនុស្សជាច្រើនដែលកំពុងបាត់ខ្លួននៅក្នុងហេតុការណ៍រអិលបាក់ដីដ៏ធំ បន្ទាប់ពីមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នា។
សារព័ត៌មាន BBC ដែលបានដកស្រង់សម្ដីពួកយោធាស្រីលង្កាបានរាយការណ៍ថា មនុស្ស១៣៤នាកកំពុងបាត់ខ្លួន បន្ទាប់ពីដីភក់បានរអិលសង្កត់លើភូមិចំនួន៣នៅភាគកណ្ដាលប្រទេសនេះ។
សាកសពមនុស្សយ៉ាងតិច១៤នាក់ត្រូវបានគេរកឃើញ។ ចំណែកសាកសព៣ទៀតត្រូវបានគេរកឃើញនៅកន្លែងផ្សេងទៀតនៅតំបន់នោះ។
មន្ត្រីគ្រោះមហន្តរាយបាននិយាយថាមនុស្ស១៥០នាក់ត្រូវបានគេជួយសង្គ្រោះ ប៉ុន្តែផ្ទះសម្បែងជាង៦០ខ្នង បានកប់នៅក្រោមភក់។
យោងតាមតួលេខផ្លូវការបានឲ្យដឹងថាទឹកជំនន់និងការរអិលបាក់ដីដែលបណ្ដាលមកពីភ្លៀងធ្លាក់ជាប់គ្នារយៈពេល៣ថ្ងៃនៅក្នុងប្រទេសស្រីលង្កាបានសម្លាប់មនុស្សយ៉ាងតិច៣៧នាក់ ខណៈមនុស្ស៣៥ម៉ឺននាក់ត្រូវបានជម្លៀសចេញ៕
ប្រភព៖ BBC