អេហ្ស៊ីបនិងប្រទេសជាមិត្តផ្សេងទៀតបានបន្ថែមកម្លាំងស្វែងរកយន្តហោះដឹកអ្នកដំណើរដែលបានបាត់កាលពីថ្ងៃព្រហស្បតិ៍ដែលរហូតដល់ពេលថ្ងៃសុក្រនេះនៅមិនទាន់មានដំណឹងនៅឡើយ។
ការស្វែងរកជាទ្រង់ទ្រាយធំនៅក្រោមផ្លូវដែលហោះហើរបានចាប់ផ្តើមតាំងពីថ្ងៃព្រហស្បតិ៍ម្សិលមិញក្រោយការបាត់យន្តហោះនោះដែលគេសង្ស័យថា យន្តហោះរបស់អេហ្ស៊ីបនេះបានធ្លាក់ចូលក្នុងសមុទ្រមេឌីទែរ៉ានេ ។
រដ្ឋមន្ត្រីអាកាសចរណ៍របស់អេហ្ស៊ីបបញ្ជាក់ថា មូលហេតុដែលយន្តហោះមានផ្ទុកមនុស្ស៦៦នាក់បានបាត់ពីរ៉ាដាភ្លាមៗពេលហោះហើរចេញពីប៉ារីសទៅទីក្រុងគែនោះ គឺពាក់ព័ន្ធនិងអំពើភេរវកម្មច្រើនជាងបញ្ហាបច្ចេកទេស។ នេះបើតាមសារព័ត៌មាន Channel News Asia។
ពេលនេះការព្រួយបារម្ភកើតមានខ្លាចដូចករណីក្រុមរដ្ឋឥស្លាមបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររុស្ស៊ីដែលឆ្លងកាត់អេហ្ស៊ីបកាលពីខែតុលាឆ្នាំមុនទៀតដែលបានសម្លាប់មនុស្សអស់២២៤នាក់។
យន្តហោះរបស់អេហ្ស៊ីបនេះបានបាត់ការទាក់ទងនៅចន្លោះកោះរបស់ក្រិចនិងឆ្នេរសមុទ្ររបស់អេហ្ស៊ីបកាលពីម្សិលមិញ ដោយមិនបានឃើញបុគ្គលិកលើយន្តហោះបង្ហាញសញ្ញាទាក់ទងអ្វីទេ។
ពេលនេះទាំងអេហ្ស៊ីបនិងក្រិចបានប្រើប្រាស់យន្តហោះនិងនាវាស្វែងរកយន្តហោះដែលបាត់នោះរួមគ្នា។ គេរំពឹងថាក្រុមការងាររបស់បារាំងនឹងចូលរួមជួយ ខណៈអាមេរិកបានបញ្ជូលក្រុមការងាររបស់ខ្លួនទៅជួយស្វែងរកហើយ៕