សកម្មជនសិទ្ធិមនុស្សនិងសកម្មជនដីធ្លីបានបន្តធ្វើយុទ្ធនាការពាក់អាវខ្មៅនៅថ្ងៃចន្ទនេះដោយទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្ស៤នាក់ និងមន្រ្តី គ.ជ.ប ម្នាក់។
យុទ្ធនាការនេះគឺនៅតែបន្តធ្វើបើទោះជាអាជ្ញាធរគំរាមចាប់ខ្លួននិងបានចាប់ឃាត់ជាបន្តបន្ទាប់នាពេលកន្លងមក។ ប៉ុន្តែសម្រាប់អ្នកធ្វើយុទ្ធនាការនេះនិយាយថាយុទ្ធនាការពាក់អាវខ្មៅនេះមិនមានច្បាប់ណាហាមឃាត់ទេ។
នៅថ្ងៃចន្ទនេះជាលើកទី៣នៃការធ្វើយុទ្ធនាការទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក៤នាក់និងមន្រ្តី គ.ជ.ប ម្នាក់គឺលោក នី ចរិយា។
សកម្មជនដីធ្លីមកពីសហគមន៍បឹងកក់និងបុរីកីឡាបានជួបជុំគ្នានៅសហគមន៍ជម្លោះដីធ្លីមួយហៅថា SOS នៅជិតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញដោយមានគ្នាជាង១០នាក់ ខណៈសមត្ថកិច្ចតាមឃ្លាំមើល ប៉ុន្តែមិនមានការឃាត់ខ្លួននោះទេ។
ក្នុងសន្និសីទកាសែតនៅសហគមន៍ SOS អ្នកស្រី ច្រាយ នីម ដែលត្រូវបានឃាត់ខ្លួនកាលពីលើកមុន ថ្លែងថា ពួកគេបន្តធ្វើយុទ្ធនាការពាក់អាវខ្មៅនៅថ្ងៃចន្ទនេះ ដោយសារពួកគេមិនពេញចិត្តនឹងការដឹកនាំរបស់រដ្ឋាភិបាល ដែលបិទសិទ្ធិសេរីភាពពលរដ្ឋមិនឲ្យប្រមូលផ្តុំនៅទីសាធារណៈទាមទារដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប។ អ្នកស្រីបន្តថា៖ “ខ្ញុំមានការឈឺចាប់ ការដឹកនាំរបស់សម្តេច ហ៊ុន សែន ណាស់ ដោយសារគាត់ដឹកនាំទៅរកភាពដូចអាពត ដោយសារអី ខ្ញុំប្រមូលផ្តុំគ្នានូវសម្តែងមតិនូវបញ្ហាដីធ្លីរបស់ពួកខ្ញុំក៏ចោទថាពួកខ្ញុំគណបក្សប្រឆំាង ខ្ញុំសម្តែងនូវភាពអយុត្តិធម៌ចាប់អង្គការសង្គមស៊ីវិលដែលកំពុងជួយខ្ញុំអត់ទានរកដំណោះស្រាយមកឲ្យខ្ញុំមិនទាន់បានគ្រប់សហគមន៍ បែរជាគាត់ចាប់អង្គការសង្គមស៊ីវិលដែលគាត់គ្មានទោសកំហុស ហើយលាបពណ៌គាត់ពីរឿងនយោបាយ ពួកគខ្ញុំមិនអាចអោបដៃនូវភាពអយុត្តិធម៌នេះគឺខ្ញុំនៅតែទាមទារឲ្យដោះលែងសុំឲ្យរដ្ឋាភិបាលពិចារណាមែនទែន”។
ប្រជាសហគមន៍បុរីកីឡាអ្នកស្រី ង៉ូវ ណារី ឲ្យដឹងដែរថាការប្តូរពីការជួបជុំនៅទីសាធារណៈមកធ្វើសន្និសីទកាសែតវិញដោយសារកាលពីថ្ងៃចន្ទសប្តាហ៍មុនអាជ្ញាធរខ័ណ្ឌទួលគោកចាប់ពួកគេបោះចូលឡានបណ្តាលឲ្យរងរបួស២នាក់ត្រង់ដៃនិងខ្លួនមិនទាន់ជាស្ទះស្បើយនៅឡើយ។
យ៉ាងណាក៏ដោយអ្នកស្រី ង៉ូវ ណារី បញ្ជាក់ថាបើមិនដោះលែងមន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងដោះស្រាយបញ្ហាដីធ្លីជូនពួកគេឲ្យបានឆាប់ទេ នោះពួកគេនៅតែបន្តពាក់អាវខ្មៅប្រមូលផ្តុំគ្នាតវ៉ារហូតមានដំណោះស្រាយ។ អ្នកស្រីបន្ថែមថា៖ ”ខ្ញុំនិងធ្វើទៀត ធ្វើយុទ្ធនាការរហូត ទាមទាររហូតទាល់តែរដ្ឋាភិបាលដោះលែងសង្គមស៊ីវិល ហើយគ្រាន់តែថាហ្នឹងខ្ញុំមិនទាន់នេះទេ បើថាយុទ្ធនាការអាវខ្មៅមិនទាន់បានសម្រេចទេ ខ្ញុំនិងធ្វើទៀតប្រជុំគ្នាធ្វើទៀត”។
ដោយឡែកតំណាងអ្នកបឹងកក់អ្នកស្រី ង៉ែត ឃុន ដែលចូលរួមសន្និសីទនៅព្រឹកថ្ងៃនេះ អះអាងថានៅតំបន់បឹងកក់ក៏មានអាជ្ញាធរខ័ណ្ឌដូនពេញនិងអ្នកខ្លះទៀតស្លៀកពាក់ស៊ីវិល៣ឡានចាំរារាំងពូកគេមិនអាចចេញធ្វើការតវ៉ានៅកន្លែងសាធារណៈបានទេ ប៉ុន្តែអ្នកស្រីថានៅម៉ោង៦ល្ងាចថ្ងៃចន្ទនេះអ្នកបឹងកក់ក៏ធ្វើសន្និសីទកាសែតទាមទារឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រី គជប ដោយអ្នកស្រីអះអាងថាពួកគេមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។ អ្នកស្រីបន្តថា៖ ”ទាមទាររកយុត្តិធម៌ ព្រោះអង្គការសង្គមស៊ីវិលគាត់អត់មានកំហុសអ្វីទេ ហេតុអ្វីបានជាចេះតែចាប់ពួកគាត់ដាក់គុក អង្គការសង្គមស៊ីវិលហ្នឹងហើយដែលថាពន្យល់ពីសិទ្ធិខ្ញុំមានសិទ្ធិសេរីភាព មានសិទ្ធិតវ៉ារឿងដីធ្លីរបស់យើងមិនអាចនរណាមកបំពានយកដីធ្លីយើងបានទេ”។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងថានៅថ្ងៃនេះមន្ត្រីនៅតាមសង្កាត់មូយចំនួនបានរាយការណ៍មកក្រសួងមហាផ្ទៃពីការជួបជុំនោះដែរ។ នៅពេលសួរថា ហេតុអ្វីអាជ្ញាធរមិនចាត់វិធានការដូចលើកមុន? លោក ខៀវ សុភ័គ ឆ្លើយយ៉ាងខ្លីថាសូមឲ្យអ្នកពាក់អាវខ្មៅទំាងនោះធ្វើអ្វីមួយត្រូវចេះយោគយល់គ្នាទៅវិញ ទៅមកដើម្បីឲ្យប្រទេសជាតិមានស្ថេរភាព។ លោកបន្តថា៖ ”សូមឲ្យគាត់ពិនិត្យមើលសេចក្តីអំពាវនាវរបស់ក្រសួងមហាផ្ទៃ អំពាវនាវឲ្យសង្គមស៊ីវិល អង្គការក្តី ឯកជនចូលរួមចំណែកការពារ សូមយោគយល់សេចក្តីអំពាវនាវរបស់ក្រសួងមហាផ្ទៃផង ដើម្បីជៀសវាងទំាងអស់គ្នា ដើម្បីសន្តិភាពទំាងអស់គ្នា”។
ចំណែកនៅតាមបណ្តាញសង្គមហ្វេសប៊ុកវិញគឺមានការផ្សព្វផ្សាយពីរូបភាពជាច្រើនដែលពាក់អាវខ្មៅនិងខ្លះសរសេរសារក្នុងន័យទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សនិងមន្រ្តី គ.ជ.ប ដែលនេះត្រូវគេមើលឃើញថាជាផ្នែកមួយនៃយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅផងដែរ។
កាលពីថ្ងៃទី២ខែឧសភាមន្ត្រីការពារសិទ្ធិមនុស្សអាដហុក៥រូបមានលោក នី សុខា លោក យី សុខសាន លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុន្នី ព្រមទាំងអតីតបុគ្គលិកអាដហុកម្នាក់ទៀតគឺលោក នី ចរិយា ដែលទើបទទួលតំណែងជាអគ្គលេខាធិការរង គ.ជ.ប ត្រូវតុលាការសម្រេចឲ្យឃុំខ្លួននៅពន្ធនាគារ ចោទថាអ្នកទាំងនោះ បានសមគំនិតសូកប៉ាន់សាក្សី ដូចការចោទប្រកាន់របស់អង្គភាពប្រឆាំងអំពើពុករលួយ៕ រាយការណ៍បន្ថែមដោយ ណាត សុភាព