ពលរដ្ឋ​បង់ក្លាដែស​រាប់​ពាន់​នាក់​បាត់​បង់​ផ្ទះ​សម្បែង​ដោយសារ​ព្យុះ​ស៊ីក្លូន

(រូបភាពពី AFP)

ប្រជាពលរដ្ឋបង់ក្លាដែសរាប់ពាន់នាក់បានបាត់បង់ផ្ទះសម្បែងកាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីព្យុះស៊ីក្លូន Roanu បានបោកបក់លើតំបន់ឆ្នេរដ៏ក្រីក្រស្ថិតនៅភាគខាងត្បូងប្រទេសនេះ ដោយបានកម្ទេចផ្ទះសម្បែងនិងសម្លាប់មនុស្សយ៉ាងតិច២៤នាក់។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថាព្យុះនោះបានបោកបក់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនកាត់ភូមិនានានៅតំបន់ Chittagong និង Barisal ជាទីដែលប្រជាពលរដ្ឋរស់នៅខាងក្នុងកំពែងការពារទឹកសមុទ្រ។

ពលរដ្ឋបង់ក្លាដែសជាច្រើននាក់បានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេដោយសុវត្ថិភាពវិញកាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីអាជ្ញាធរជម្លៀសមនុស្សជាង៥សែននាក់ទៅកាន់ជម្រកសុវត្ថិភាពនៅមុនការមកដល់នៃព្យុះស៊ីក្លូននោះដែលបោកបក់ក្នុងល្បឿន៨៨គីឡូម៉ែត្រក្នុងមួយម៉ោង។

ប៉ុន្តែក្រុមមន្ត្រីនិយាយថាមនុស្សរាប់ពាន់នាក់ទៀតនៅតាមបណ្ដោយឆ្នេរបានជាប់នៅក្នុងផ្ទះសម្បែងរបស់ពួកគេនៅពេលទឹកសមុទ្រហូរកាត់ទំនប់ទឹកនិងបានជន់លិចភូមិដ្ឋានជាច្រើន។

ប្រធានគ្រប់គ្រងគ្រោះមហន្តរាយប្រទេសនេះបាននិយាយថា ផ្ទះសម្បែងរាប់សិបខ្នងត្រូវបានបំផ្លាញឬខូចខាត ហើយមនុស្ស២៤នាក់បានស្លាប់។

លោក Reaz Amhed ប្រធានផ្នែកគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថាអ្នកស្លាប់ប្រហែលពាក់កណ្ដាលគឺជាប្រជាជននៅតំបន់ Chittagong ខណៈផ្ទះសម្បែងប្រហែល៨ម៉ឺនខ្នងបានរងការខូចខាត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ