ក្រុមហ៊ុនអាកាសចរណ៍ VietJet របស់ប្រទេសវៀតណាមនៅថ្ងៃចន្ទនេះបានឯកភាពលើការបញ្ជាទិញយន្តហោះ Boeing ចំនួន១០០គ្រឿងក្នុងតម្លៃ១១.៣ពាន់លានដុល្លារ ដែលធ្វើឲ្យក្រុមហ៊ុនមួយនេះក្លាយជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃថោកដែលរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់។
សារព័ត៌មាន Channel News Asia ដែលបានដកស្រង់សេចក្ដីរបស់ក្រុមហ៊ុនបានរាយការណ៍ថាការប្រគល់យន្តហោះ Boeing 737 MAX 200 នេះគ្រោងធ្វើឡើងចាប់ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២៣ ជាពេលដែលក្រុមហ៊ុន VietJet នឹងមានយន្តហោះដឹកជញ្ជូនជាង២០០គ្រឿង ក្នុងមាននោះយន្តហោះ Boeing និងយន្តហោះ Airbus ផងដែរ ដើម្បីសម្រួលទៅតាមផែនការពង្រីកខ្លួនរបស់ក្រុមហ៊ុន។
នៅក្នុងសេចក្ដីប្រកាសនោះក្រុមហ៊ុន VietJet បាននិយាយថាកិច្ចព្រមព្រៀងនេះគឺជាការទិញយន្តហោះពាណិជ្ជកម្មដ៏ច្រើនបំផុតមិនធ្លាប់មាននៅក្នុងឧស្សាហកម្មអាកាសចរណ៍វៀតណាមនិងត្រូវបានចុះហត្ថលេខានៅចំពោះមុខប្រធានាធិបតីវៀតណាមនិងប្រធានាធិបតីអាមេរិកដែលកំពុងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសកុំម្មុយនីស្តមួយនេះ។
ក្រុមហ៊ុននេះក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ជាទិញម៉ាស៊ីនយន្តហោះមានតម្លៃជាង៣ពាន់លានដុល្លារសម្រាប់បំពាក់លើយន្តហោះ Airbus A321 ចំនួន៣០គ្រឿងដែលបានបញ្ជាទិញកាលពីខែវិច្ឆិកាឆ្នាំមុន៕