ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានដាក់ចេញផែនការបន្ថែមដើម្បីពង្រឹងចំណងទាក់ទងឲ្យកាន់តែខ្លាំងជាមួយវៀតណាម ខណៈប្រទេសទាំងពីរកំពុងបង្ហាញការព្រួយបារម្ភករណីទីក្រុងប៉េកាំងបង្កើនកម្លាំងទ័ពនៅសមុទ្រចិនខាងត្បូង។
ការបំភ្លេចចោលនូវស្នាមអតីតកាលនៃសង្គ្រាមវៀតណាមទសវត្សរ៍៦០និង៧០ គឺជាការស្នើឡើងរបស់អាមេរិក ដែលកំពុងបារម្ភពីសកម្មភាពរបស់ទីក្រុងប៉េកាំងកំពុងតែរានទន្ទ្រានយកកោះនៅសមុទ្រចិនខាងត្បូងដាក់ពង្រាយប្រព័ន្ធរ៉ាដានិងជើងទម្រមីស៊ីលនៅក្នុងតំបន់មានជម្លោះនាំឲ្យការព្រួយបារម្ភកាន់តែមានកើនឡើង។
ទីក្រុងវ៉ាស៊ីនតោនថ្លែងថាការដកបំរាមលក់អាវុធនេះគឺជាថ្នូរនឹងការទាមទារឲ្យវៀតណាមផ្តល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពជំនឿ ការប្រមូលផ្តុំ និងការដោះលែងអ្នកទោសនយោបាយ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅថ្ងៃចន្ទម្សិលមិញ សមភាគីវៀតណាមលោក ត្រាន ដៃហ្គាង និងលោក អូបាម៉ា ថ្លែងថាការធ្វើឲ្យប្រសើរឡើងនៃការគោរពសិទ្ធិមនុស្សពីតិចតួចនឹងត្រូវបានចាប់ផ្តើមឡើង ហើយការសម្រេចលប់ចោលបំរាមលក់អាវុធនោះគឺជាចំណុចចាប់ផ្តើមនៃការបង្កើនចំណងទាក់ទងនៃប្រទេសទាំងពីរ ដែលមិនមែនមូលហេតុសំខាន់បញ្ហាចិននោះទេ។ នេះបើតាមសារព័ត៌មាន Channel News Asia ។
ទោះជាភាគីទាំងពីរបញ្ជាក់ថាការពង្រឹងចំណងទាក់ទងនេះមិនមែនដើម្បីប្រឆាំងចិនក៏ដោយ ប៉ុន្តែបច្ចុប្បន្នចិនកំពុងប្រឈមមុខខ្លាំងជាមួយវៀតណាមនៅក្នុងដែនសមុទ្រចិនខាងត្បូង។
លោក អូបាម៉ា ជូបតំណាងមន្ត្រីសង្គមស៊ីវិលនៅថ្ងៃអង្គារនេះដែលក្នុងចំណោមនោះក៏មានក្រុមដែលប្រឆាំងរដ្ឋាភិបាលផងដែរ ដែលពួកគេមិនពេញចិត្តចំពោះការសម្រេចចិត្តលប់បំរាមលក់អាវុធនោះ។ សកម្មជននៅវៀតណាមមួយចំនួនថ្លែងថាការសម្រេចចិត្តរបស់លោក អូបាម៉ា ហាក់ដូចជាការផ្តល់កម្លាំងឲ្យកាន់តែខ្លាំងលើរដ្ឋាភិបាលកុម្មុនីស្តវៀតណាមក្នុងការបន្តដឹកនាំ។
កាលពីយប់ថ្ងៃចន្ទប្រធានគណបក្សកុម្មុនីស្តវៀតណាមលោក ង្វៀន ភូទ្រុង បានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថាការកសាងទំនាក់ទំនងដោយគោរពគ្នាទៅវិញទៅមកជាការប្រសើរដោយមិនត្រូវជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នានោះទេ៕