ក្រុមឧទ្ទាមតាលីបង់អាហ្វហ្កានីស្ថានបានប្រកាសមេដឹកនាំថ្មីរបស់ពួកគេសម្រាប់ជំនួស Mullah Akhtar Mansour ដែលបានស្លាប់នៅក្នុងវាយប្រហារតាមផ្លូវការពីសំណាក់កងទ័ពអាមេរិក។
សារព័ត៌មាន BBC បានរាយការណ៍ថានៅក្នុងសេចក្ដីប្រកាសមួយពួកតាលីបង់បានទទួលស្គាល់មរណភាពរបស់ Mansour ជាលើកដំបូង ហើយបានប្រកាស Mawlawi Haibatullah Akhundzada ធ្វើជាមេដឹកនាំថ្មី។
គេពុំទាន់ដឹងថាមេដឹកនាំថ្មីនឹងដឹកនាំពួកឧទ្ទាមនេះទៅតាមផ្លូវណានោះឡើយ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថាមេដឹកនាំថ្មីរូបនេះគឺជាជម្រើសដែលមិនចម្រូងចម្រាស់នោះឡើយ។
កាលពីឆ្នាំមុនពួកតាលីបង់បានធ្លាក់ទៅក្នុងភាពវឹកវរនៅពេល Mansour ឡើងកាន់តំណែងជំនួស Mullah Mohammad Omar ដែលជាស្ថាបនិករបស់ក្រុមឧទ្ទាម។
មេដឹកនាំក្រុមឧទ្ទាម Mansour ត្រូវបានគេសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយនៅខេត្ត Balochistan របស់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ រដ្ឋាភិបាលអាមេរិកនិងអាហ្វហ្កានីស្ថាន និយាយថា Mansour គឺជាឧបសគ្គរាំងស្ទះដល់ដំណើរការសន្តិភាពរវាងពួកតាលីបង់និងអាជ្ញាធរអាហ្វហ្កានីស្ថាន។
Mawlawi Haibatullah Akhundzada គឺជាអ្នកមានចំណេះដឹងផ្នែកសាសនានិងជាអតីតប្រធានតុលាការរបស់ពួកតាលីបង់។ រូបគេគឺជាមេដឹកនាំរងរបស់ពួកតាលីបង់អាហ្វហ្កានីស្ថាន៕