ប្រទេសចិននិងមីយ៉ានម៉ាបានប្ដេជ្ញាជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការវិស័យយោធានៅក្នុងផ្នែកហ្វឹកហ្វឺននិងការពារជាតិ។
ទីភ្នាក់ងារព័ត៌មានស៊ិនហួរ បានរាយការណ៍ថាការប្ដេជ្ញាចិត្តរបស់ប្រទេសទាំងពីរបានធ្វើឡើងកាលពីល្ងាចថ្ងៃអង្គារម្សិលមិញអំឡុងកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីការពារជាតិ លោក ឆាង វ៉ាងហ្គួន និងរដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ា លោក ស៊ិន វីន នៅឯទីក្រុងវៀងច័ន្ទ។
លោក ឆាង បានថ្លែងនៅក្នុងជំនួបនោះថាការពង្រឹងនិងពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងមីយ៉ាន់ម៉ា បម្រើដល់ផលប្រយោជន៍របស់ប្រជាជនរបស់ប្រទេសទាំងពីរនិងចូលរួមចំណែកដល់សន្តិភាពនិងស្ថេរភាពក្នុងតំបន់និងអន្តរជាតិ។
លោក ឆាង បន្តថាលោកសង្ឃឹមថានឹងមានការផ្លាស់ប្ដូរការហ្វឹកហ្វឺននិងការជំរុញការសម្របសម្រួលពហុភាគីរវាងកងទ័ពប្រទេសទាំងពីរ។
លោក វីន បានអរគុណដល់ការគាំទ្រនិងការជួយរបស់ចិននៅក្នុងការបណ្ដុះបណ្ដាលកងទ័ពមីយ៉ាន់ម៉ា។ លោកបន្តថាមិត្តភាពរវាងប្រទេសទាំងពីរត្រូវបានប្រទេសរបស់លោកផ្ដល់តម្លៃយ៉ាងខ្ពស់ ហើយកងទ័ពមីយ៉ាន់ម៉ា សង្ឃឹមថានឹងពង្រឹងទំនាក់ទំនងវិស័យយោធាជាមួយកងទ័ពចិន៕