ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ថ្លែងពេលទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសវៀតណាមថា ប្រទេសធំមិនត្រូវរំលោភអំពានប្រទេសតូចនោះទេដើម្បីប្រយោជន៍សន្តិសុខស្ថិរភាពនៅក្នុងតំបន់។
ការលើកឡើងរបស់លោក អូបាម៉ា គឺធ្វើឡើងនៅពេលដែលលោកថ្លែងសុន្ទរកថាទៅកាន់មនុស្សប្រមាណ២០០០នាក់ជាសិស្ស អ្នកសិក្សាស្រាជ្រាវ និងជាអ្នកជំនួញនៅក្នុងប្រទេសវៀតណាមកាលពីថ្ងៃអង្គារម្សិលមិញ។ ការលើកឡើងរបស់លោក អូបាម៉ា ពេលទស្សនកិច្ចនៅវៀតណាមនេះគឺធ្វើឡើង ខណៈពួកគេកំពុងជជែកពីស្ថានភាពជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមសារព័ត៌មាន Vietnam News។
លោក អូបាម៉ា ថ្លែងបែបនេះគឺមួយថ្ងៃបន្ទាប់ពីលោកប្រកាសថាសហរដ្ឋអាមេរិកដកបំរាមលក់អាវុធទៅឲ្យវៀតណាម។ លោកបញ្ជាក់ថាវៀតណាមនឹងទទួលបានសម្ភារៈទំនើបៗសម្រាប់ការពារសន្តិសុខប្រទេស។
ទោះយ៉ាងណានៅក្នុងពិធីនោះ លោក អូបាម៉ា ក៏បានបញ្ជាក់ថាប្រទេសត្រូវមានដែនអធិបតេយ្យភាព ហើយមិនថាប្រទេសធំឬតូចទេត្រូវគោរពគ្នានៅក្នុងតំបន់ពិសេសប្រទេសធំមិនត្រូវរំលោភបំពានប្រទេសតូច៕