សម្មកជនដីធ្លីដែលអះអាងថាត្រូវបានក្រុមសន្តិសុខខណ្ឌដូនពេញវាយរងរបួសធ្ងន់កាលពី៣ឆ្នាំមុននៅម្តុំវត្តភ្នំនោះបានសំដែងការអស់សង្ឃឹមក្នុងការចាប់ខ្លួនជនល្មើសមកកាត់ទោស ខណៈក្រសួងមហាផ្ទៃទើបតែកោះហៅជនរងគ្រោះចូលបំភ្លឺ។
កាលពីម្សិលមិញ ក្រសួងមហាផ្ទៃបានកោះហៅសកម្មជនដីធ្លី៥នាក់នៅតំបន់បឹងកក់ទៅបំភ្លឺពីករណីនោះ។
ប៉ុន្តែតំណាងសកម្មជនដីធ្លីបឹងកក់ អ្នកស្រី ទេព វន្នី ថ្លែងថាមន្រ្តីក្រសួងមហាផ្ទៃបានត្រឹមសន្យាថានឹងកោះហៅភាគីម្ខាងទៀតឲ្យចូលបំភ្លឺតបវិញ។ តែអ្នកស្រីថា គាត់មិនមានសង្ឃឹមថាបានយុត្តិធម៌ទេដោយថា “ហាក់ដូចជាបោះបាល់ឲ្យគ្នាទៅវិញទៅមក”។
អ្នកស្រី ផាន់ ឈុនរ៉េត ដែលត្រូវរបួសត្រង់ក្បាលក្នុងព្រឹត្តិការណ៏នោះបានថ្លែងដែរថា អ្នកស្រីពុំមានជំនឿលើសមត្ថកិច្ចថាអាចចាប់ជនល្មើសមកកាត់ទោសនោះទេ ខណៈអ្នកស្រីថាសន្តិសុខខណ្ឌដែលវាយគាត់គឺ ”សុទ្ធជាគ្នាគាត់ទាំងអស់”។
មន្រ្តីនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានអះអាងថានឹងកោះហៅភាគីម្ខាងទៀតមកសាកសួរ។
កាលពីឆ្នាំ២០១៣សកម្មជនដីធ្លីបាននាំគ្នាទៅធ្វើសមាធិនៅវត្តភ្នំជាមួយសកម្មជនបរិស្ថានតំបន់អារ៉ែង ហើយក៏ត្រូវបានក្រុមសន្តិសុខខណ្ឌដែលជនរងគ្រោះថាបានប្រើជំពាមកៅស៊ូបាញ់គ្រាប់ឃ្លីមកលើអ្នកធ្វើសមាធិទាំងនោះបណ្តាលឲ្យរបួសធ្ងន់៕