រដ្ឋាភិបាលអូស្ត្រាលីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាបំណែកថ្មីបីបន្ទះត្រូវបានគេរកឃើញនៅប្រទេសមូរីទូសនិងមូហ្សំប៊ិកដែលអាចជាប់ទាក់ទងនឹងយន្តហោះម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួន។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថាជោគវាសនាយន្តហោះដឹកអ្នកដំណើរនេះដែលត្រូវបានគេសន្និដ្ឋានថាបានធ្លាក់នៅក្នុងសមុទ្រ បន្ទាប់ពីបាត់ខ្លួននៅពេលហោះហើរដឹកមនុស្ស២៣៩នាក់ពីទីក្រុងកូឡាឡុំពួទៅទីក្រុងប៉េកាំងកាលពីខែមីនាឆ្នាំ២០១៤កន្លងមកនោះ នៅតែបន្តស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ។
បំណែកចំនួន៥បន្ទះផ្សេងទៀតត្រូវបានគេរកឃើញកាលពីមុននិងបញ្ជាក់ថាពិតជាបំណែករបស់យន្តហោះ Boeing 777។ បំណែកទាំងនោះត្រូវបានគេរកឃើញនៅរាប់ពាន់គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងលិចអូស្ត្រាលី ដែលជាតំបន់ស្វែងរកនាពេលបច្ចុប្បន្ន។
រដ្ឋមន្ត្រីដឹកជញ្ជូនអូស្ត្រាលី លោក Darren Chester បាននិយាយថាបំណែកថ្មី២បន្ទះនេះត្រូវបានគេរកឃើញនៅប្រទេសមូរីទូសនិងមួយបំណែកទៀតរកឃើញនៅប្រទេសមូហ្សំប៊ិក។ បំណែកទាំង៣នេះមានទាក់ទងនឹងយន្តហោះម៉ាឡេស៊ី MH370 ដែលបាត់ខ្លួន។
អូស្ត្រាលីកំពុងដឹកនាំប្រតិបត្តិការស្វែងរកយន្តហោះ MH370 នៅមហាសមុទ្រឥណ្ឌាលើផ្ទៃទឹកទំហំជាង១០៥ពាន់គីឡូម៉ែត្រការ៉េដោយពុំទទួលបានជោគជ័យឡើយ៕