ចៅអធិការព្រះវិហារពុទ្ធសាសនាល្បីឈ្មោះមួយនៅក្នុងប្រទេសថៃព្រះតេជគុណ Dhammachaiyo ប្រឈមមុខនឹងការចោទប្រកាន់ផ្លូវច្បាប់ថាជាប់ពាក់ព័ន្ធការលាងលុយកខ្វក់និងទទួលជំនួយខុសច្បាប់ប្រមាណ៣៤លានដុល្លារ។
បើតាមសារព័ត៌មាន Channel News Asia គឺព្រះតេជគុណ Dhammachaiyo ចៅធិការវត្ត Dhammakaya ដែលគេចោទថាបានប្រព្រឹត្តិអំពើខុសច្បាប់នោះ ព្រះអង្គបានទៅប៉ុស្តិ៍នគរបាលដោយខ្លួនព្រះអង្គផ្ទាល់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
នាយកដ្ឋានពិសេសខាងស៊ើបអង្កេត (DSI) បានចេញរបាយការណ៍ថាព្រះតេជគុណ Dhammachaiyo ជាប់ពាក់ព័ន្ធការលាងលុយកខ្វក់និងការទទួលអំណោយខុសច្បាប់៣៤លានដុល្លារ ហើយបានខកខានចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ចជាច្រើនលើក។
នាយកដ្ឋានពិសេសខាងកិច្ចការស៊ើបអង្កេតកាលពីសប្តាហ៍មុនបានចេញដីកាឃាត់ព្រះកាយ ហើយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញគឺជាថ្ងៃចុងក្រោយដែលទុកពេលឲ្យអ្នកនៅជុំវិញព្រះអង្គបានដឹងពីបទល្មើសនេះ។ DSI បញ្ជាក់ថាតាមច្បាប់ព្រហ្មទណ្ឌគឺព្រះតេជគុណ Dhammachaiyo ប្រឈមជាប់ពន្ធនាគារ២០ឆ្នាំ។
បច្ចុប្បន្នអ្នកពាក់ព័ន្ធកំពុងព្រួយបារម្ភថាស្ថានភាពការតវ៉ានិងអាចរាលដាលកើតមានឡើង នៅពេលដែលអាជ្ញាធរបង្ខំការអនុវត្តច្បាប់លើអ្នកធ្វើការនៅវត្តនោះ ហើយមានការឃាត់ព្រះកាយចៅអធិការ។ ព្រះសង្ឃរាប់ពាន់អង្គធ្វើដំណើរតាមព្រះតេជគុណ Dhammachaiyo ពេលធ្វើដំណើរទៅប៉ុស្តិ៍នគរបាលនៅក្នុងខេត្ត Pathum Thani ភាគខាងជើងនៃទីក្រុងបាងកក។
ទោះយ៉ាងណាមានការចោទថាចំណាត់ការរបស់សមត្ថកិច្ចនៅពេលនេះគឺធ្វើឡើងក្រោមហេតុផលនយោបាយព្រោះចៅអធិការវត្តនេះមានទំនាក់ទំនងស្និទជាមួយលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង៕