ប្រតិបត្តិការស្វែងរកទូកលិចនៅសមុទ្រមេឌីទែរ៉ាណេរយៈពេលមួយសប្ដាហ៍បានឈានដល់ការបិទបញ្ចប់កាលពីថ្ងៃអាទិត្យម្សិលមិញជាមួយក្ដីបារម្ភថា ជនចំណាកស្រុក៧០០នាក់បានស្លាប់ ហើយអ្នកនៅរស់បានប្រាប់ថា ក្មេងតូចៗជាច្រើននាក់បានលង់ទឹកស្លាប់។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថាអ្នកនៅរស់រានមានជីវិតដែលត្រូវបានគេនាំទៅជម្រកសុវត្ថិភាពនៅកំពង់ផែ Taranto និង Pozzallo ក្នុងប្រទេសអ៊ីតាលី បានប្រាប់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ និងអង្គការ Save the Children ពីរបៀបដែលទូកបានលិចក្នុងទឹកកាលពីព្រឹកថ្ងៃព្រហស្បតិ៍កន្លងមក។
មន្ត្រីនាំពាក្យអង្គការ UNCHR អ្នកស្រី Carlotta Sami បាននិយាយថា លោកស្រីមិនបានដឹងពីចំនួនពិតប្រាកដ និងអត្តសញ្ញាណរបស់ជនភៀសខ្លួនទាំងនោះឡើយ ប៉ុន្តែសាក្សីជាច្រើនប្រាប់ថាមនុស្សជាង៥០០នាក់បានលង់ទឹកគ្រាន់តែទូកមួយគ្រឿងនោះ។
មន្ត្រីដដែលនេះឲ្យដឹងថា UNHCR ព្រួយបារម្ភថាមនុស្សរហូតដល់៧០០នាក់បានលង់ស្លាប់នៅសប្ដាហ៍មុន បន្ទាប់មកសាកសព៤៥ក្នុងចំណោមមនុស្សបាត់ខ្លួនប្រហែល១០០នាក់ត្រូវបានគេរកឃើញកាលពីថ្ងៃសុក្រកន្លងមក។
ចំណែកមន្ត្រី Save the Children បានឲ្យដឹងថាមនុស្សប្រហែល១១០០នាក់បានធ្វើដំណើរតាមទូកនេសាទ២គ្រឿងចាកចេញពីប្រទេសលីប៊ីកាលពីថ្ងៃពុធសប្ដាហ៍មុន មុននឹងទូកទាំងពីរនោះមានបញ្ហា៕