ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ បានរាយការណ៍ថាមន្ត្រីជាន់ខ្ពស់មួយរូបរបស់កូរ៉េខាងជើង លោក រី ស៊ូយ៉ុង កំពុងធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិន។
លោក រី ស៊ូយ៉ុង បានកាន់តំណែងជារដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងរហូតដល់លោកត្រូវបានតែងតាំងជាសមាជិកនៃការិយាល័យនយោបាយបក្សនៅអំឡុងសមាជបក្សពលករកូរ៉េខាងជើងនាពេលកន្លងមកថ្មីៗនេះ។
ទីភ្នាក់ងារព័ត៌មានក្យូដូបានរាយការណ៍ថា លោក រី ស៊ូយ៉ុង ពិតជាបានធ្វើដំណើរចាកចេញពីព្រលានយន្តហោះអន្តរជាតិនៅទីក្រុងព្យុងយ៉ាងមែន។
លោក រី ស៊ូយ៉ុង ត្រូវបានគេដឹងថាជាមនុស្សមានឥទ្ធិពលនិងជាអ្នកជិតស្និទ្ធនឹងលោក គីម ជុងអ៊ុន មេដឹកនាំរដ្ឋឯកោមួយនេះ។
ទីភ្នាក់ងារព័ត៌មាន Reuters និយាយថាប្រសិនបើនេះគឺជាការពិត លោក រី ស៊ូយ៉ុង ដែលជាអ្នកមើលថែលោក គីម នៅពេលលោកសិក្សារៀនសូត្រនៅស្វីសនោះ កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន ចំពេលដែលសម្ព័ន្ធរបស់កូរ៉េខាងជើងមួយនេះកាន់តែអាក់អន់ចិត្តនឹងកូរ៉េខាងជើងដែលបានបាញ់សាកល្បងគ្រាប់បែកនុយក្លេអ៊ែរម្ដងហើយម្ដងទៀត។
ចិនពុំឯកភាពនឹងមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាងនោះឡើយ។
ចំណែកកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងព្យាយាមបាញ់គ្រាប់មីស៊ីលមួយទៀតចេញពីឆ្នេរភាគខាងកើតប្រទេសនៅព្រឹកថ្ងៃអង្គារនេះ ប៉ុន្តែការបាញ់នោះហាក់ដូចជាទទួលបរាជ័យ៕