ក្រុមមន្ត្រីបាននិយាយថាអាជ្ញាធរបានបិទសេតវិមានបណ្ដោះអាសន្នកាលពីថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីមានមនុស្សស្រីម្នាក់បោះលោហៈធាតុមួយដុំទៅលើរបងនៅបរិវេណគេហដ្ឋានប្រធានាធិបតី។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថាស្ត្រីម្នាក់ត្រូវបានគេចាប់ខ្លួនបន្ទាប់ហេតុការណ៍នេះ។
ទីភ្នាក់ងារចារកម្មអាមេរិកបាននិយាយថា សេតវិមានត្រូវបានបិទបណ្ដោះអាសន្នរយៈពេល៣ម៉ោង បន្ទាប់ពីបុគ្គលម្នាក់បានគ្រវែងចោលដែកមួយដុំទៅលើរបងផ្នែកខាងជើងនៃសេតវិមាន។
ក្រុមមន្ត្រីនិយាយថានេះគឺជាវិធានការការពារ ប៉ុន្តែបានរកឃើញថាករណីនេះមិនមែនជាការគំរាមផ្នែកសុវត្ថិភាពនោះឡើយ ហើយសេតវិមានត្រូវបានបើកឲ្យដំណើរការដូចធម្មតាវិញ។
ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចូលរួមទិវា Memorial Day នៅឯទីលានបញ្ចុះសពយោធា Arlington នៅពេលហេតុការណ៍នេះកើតឡើង៕