អត្ថបទពន្យល់៖ ដំណើរការ​នៃការ​រៀប​ចំថវិកាជាតិ

ថវិកាសង្ខេបឆ្នាំ២០១៦ (រូបភាពពីវេបស៊ាយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ដំណើរការនៃការរៀបចំថវិកាជាតិជារៀងរាល់មួយឆ្នាំម្តង រដ្ឋាភិបាលជាអ្នកផ្តល់ថវិកាជាតិទៅឲ្យក្រសួងមួយចំនួនក្នុងប្រទេសកម្ពុជាយកទៅប្រើប្រាស់តាមមុខងាររបស់ខ្លួន។ ជាការកត់សំគាល់គិតចាប់ពីឆ្មាំ២០១១រហូតមកដល់បច្ចុប្បន្ននេះថវិកាជាតិមានការកើនឡើងជាបន្តបន្ទាប់។ ករណីនេះអ្នកស្រាវជ្រាវសេដ្ឋកិច្ចអះអាង ការកើនឡើងនេះដោយសារកក្តាសេដ្ឋកិច្ចកម្ពុជារីកចំរើន។

តើអ្វីទៅជាថវិកាជាតិ?

គេឲ្យនិយមន័យថាថវិកាជាតិគឺជាចំណូលនិងការចំណាយរបស់រដ្ឋដែលប្រមូលបានមកពីការបង់ពន្ធអាករនានាពីប្រជាពលរដ្ឋ។ ថវិកានេះរដ្ឋាភិបាលដែលដឹកនាំក្នុងមួយអាណត្តិ៥ឆ្នាំ គឺជាអ្នកគ្រប់គ្រងយកទៅធ្វើសកម្មភាពនិងកិច្ចការរបស់ខ្លួនតាមការស្នើសុំជារៀងរាល់មួយឆ្នាំម្តង។ នៅឆ្នាំ២០១៦ក្រសួងដែលទទួលបានថវិកាជាតិច្រើនរួមមាន ក្រសួងអប់រំ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិជាដើម។

មុននឹងក្រសួងនីមួយៗទទួលបានកញ្ចប់ថវិកាជាតិយកទៅប្រើប្រាស់ តើត្រូវឆ្លងកាត់ដំណាក់កាលដូចម្តេច?

អ្នកស្រាវជ្រាវសេដ្ឋកិច្ច លោក គី សេរីវឌ្ឍន៍ ពន្យល់ពីនីតិវិធីនៃដំណើរការថវិកាជាតិថាមុននឹងក្រសួងទាំងនោះទទួលបានថវិកាជាតិយកទៅអនុវត្តក្នុងគម្រោងរបស់ពួកគេដំណាក់កាលដំបូងក្រសួងនីមួយៗត្រូវធ្វើផែនការអភិវឌ្ឍន៍របស់ខ្លួន ដើម្បីបង្ហាញទៅរដ្ឋាភិបាលថាគម្រោងរបស់ខ្លួននឹងជួយដល់ប្រជាពលរដ្ឋនិងធ្វើការអភិវឌ្ឍប្រទេសឲ្យរីកចំរើន។ គម្រោងនោះដូចជា ការធ្វើផ្លូវ ស្ពាន សាលារៀន សាងសង់មន្ទីរពេទ្យជាដើម។ ដំណាក់កាលបន្ទាប់ក្រសួងទំាងនោះត្រូវបញ្ជូនផែនការសកម្មភាពនោះទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចឆ្លងទៅគណៈរដ្ឋមន្ត្រី រដ្ឋសភា ព្រឹទ្ធសភា និងចុងក្រោយបញ្ជូនទៅព្រះមហាក្សត្រឡាយព្រះហស្ថលេខាឲ្យប្រើប្រាស់កញ្ចប់ថវិកាជាតិដែលស្នើសុំនោះ។

ចំណែកពន្ធដែលប្រមូលបានវិញ លោក គី សេរីវឌ្ឍន៍ បញ្ជាក់ថាពន្ធមានពីរប្រភេទគឺពន្ធប្រយោលនិងពន្ធផ្ទាល់។ លោកថា ពន្ធប្រយោលគេហៅថាអាករ រួមមានការទិញស្រានិងបារី ពោលអ្នកលក់ជាអ្នកយកទៅបង់ពន្ធ។ រីឯពន្ធផ្ទាល់រួមមានពន្ធលើប្រាក់ចំណូល ប្រាក់ចំណេញ ពន្ធប្រថាប់ត្រា ពន្ធផ្ទេរកម្មសិទ្ធិជាដើម ពោលអ្នកដែលរកចំណូលបានត្រូវយកទៅបង់ពន្ធជូនរដ្ឋ។ យ៉ាងណាក៏ដោយអ្នកស្រាវជ្រាវសេដ្ឋកិច្ចរូបនោះឲ្យដឹងទៀតថាថវិកាជាតិគឺជាលុយរបស់ប្រជាជនដែលជាភាគទានរបស់ពួកគេមួយផ្នែកសម្រាប់ធ្វើឲ្យមានភាពស្មើគ្នា ដើម្បីឲ្យមានតុល្យភាពនៃប្រាក់ចំណូលនៅក្នុងសង្គម។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ មានប្រសាសន៍ទៀតថាអ្នករកបានចំណូលច្រើនត្រូវបង់ពន្ធច្រើន អ្នករកបានចំណូលតិចបង់ពន្ធតិច ប៉ុន្តែទទួលបានសេវាស្មើភាពគ្នា។ លោកថានៅកម្ពុជាការប្រមូលពន្ធមានការកើនឡើងជាបន្តបន្ទាប់ដោយសារកត្តាសេដ្ឋកិច្ចរីកចំរើន។

លោកបន្តថា៖ គោលនយោបាយកំណែទំរង់សេដ្ឋកិច្ចរបស់កម្ពុជា គោលការណ៍នេះអនុវត្តទៅមុខ មានន័យថាមានភាពល្អប្រសើរឡើងជាបណ្តើរៗ ខ្ញុំសង្កេតឃើញថាការប្រមូលពន្ធមានប្រសិទ្ធិភាពច្រើនតាមរយៈបង់ពន្ធតាមរយៈធនាគារ ប៉ុន្តែវាមិនទាន់បានជោគជ័យមួយរយភាគរយដោយសារតែប្រជាពលរដ្ឋមិនសូវចេះប្រើប្រាស់ប្រព័ន្ធធនាគារ ប៉ុន្តែនៅក្នុងពេលអនាគតប្រជាពលរដ្ឋនិងចេះប្រើ នៅពេលប្រជាពលរដ្ឋចេះប្រើប្រព័ន្ធធនាគារគ្រប់គ្នាទៅ ពេលនោះការប្រមូលថវិកាជាតិគឺបានល្អត្រឹមត្រូវជាងប្រមូលតាមមន្ត្រីពន្ធដារ

តាមរបាយការណ៍អង្កេតលើការផ្សព្វផ្សាយព័ត៌មានថវិកាឆ្នាំ២០១៥របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាឲ្យដឹងថាដើម្បីឲ្យដំណើរការថវិកាមានតម្លាភាពរដ្ឋាភិបាលគួរតែបង្កើតយន្តការគួរឲ្យជឿជាក់ដោយមានការចូលរួមពីសាធារណៈជននិងបង្កើតយន្តការផ្លូវការសម្រាប់សាធារណៈជនចូលរួមជួយស៊ើបអង្កេតលើសវនកម្មថវិកាជាតិ។

របាយការណ៍សរសេរថា៖រដ្ឋាភិបាលគួរតែផ្តល់អាទិភាពបង្កើតយន្តការឲ្យមានប្រសិទ្ធិភាព ឧទាហរណ៍ផ្តល់ឲ្យសាធារណៈជនមានឱកាសចូលរួមស្តាប់ជាសាធារណៈ ការស្ទង់មតិ ការពិភាក្សាជាក្រុមពីបញ្ហាថវិកា និងផ្តល់សក្ខីកម្មក្នុងការពិភាក្សារបស់ស្ថាប័ននីតិបញ្ញត្តិទៅលើការសម្រេចថវិកាតាមក្រសួង នាយកដ្ឋាន និងផ្នែកផ្សេងៗ និងបង្កើតយន្តការផ្លូវការសម្រាប់ឲ្យសាធារណៈជនចូលរួមជួយស្ថាប័នសវនកម្មជាន់ខ្ពស់ក្នុងការបង្កើតកម្មវិធីសវនកម្មស៊ើបអង្កេតលើសវនកម្មថវិកា”។

អង្គការភាពជាដៃគូថវិកាអន្ដរជាតិបានរកឃើញថាប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេស៣២ដែលមានពិន្ទុទាបជាងគេនៅលើសន្ទសន៍តម្លាភាពថវិកាជាតិ។ អង្គការនេះបានធ្វើការអង្កេតលើការផ្សព្វផ្សាយព័ត៌មានថវិកាសម្រាប់ឆ្នាំ២០១៥ដែលវាយតម្លៃលើប្រទេសចំនួន១០២នៅជុំវិញពិភព។

ការវាយតម្លៃបង្ហាញថា កម្ពុជាទទួលបានពិន្ទុ៨លើពិន្ទុ១០០សម្រាប់សន្ទសន៍តម្លាភាពថវិកាជាតិ ដែលអង្គការនេះបង្ហាញថា ពលរដ្ឋកម្ពុជាមានលទ្ធភាពតិចតួចក្នុងការទទួលបានព័ត៌មានពីការប្រើប្រាស់ថវិកាជាតិដោយរដ្ឋាភិបាលដែលពួកគេត្រូវយល់ដឹង។

អនុប្រធាននាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក ឡាយ សុខឃាង សុំមិនអត្ថាធិប្បាយលើករណីនេះ ដោយលោកស្នើឲ្យអ្នកសារព័ត៌មានដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមុនសិន។

កាលពីចុងឆ្នាំ២០១៥តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិទាំង៥៥រូបបានពហិការមិនចូលរួមប្រជុំសភាក្នុងការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦។ ក្រោយពីការពិភាក្សា រដ្ឋសភាបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិដោយសំឡេង៦៦លើ៦៦ ដោយមានតែតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា។ រដ្ឋាភិបាលបានចំណាយថវិកាជាតិកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

កាលពីឆ្នាំ២០១១ រដ្ឋាភិបាលចំណាយថវិកាជាតិ២៤៦៣លានដុល្លារ ឆ្នាំ២០១២ចំណាយអស់២៧៧៥លានដុល្លារ ឆ្នាំ២០១៣ចំណាយអស់៣១០០លានដុល្លារ ឆ្នាំ២០១៤ចំណាយអស់៣៣៥៧លានដុល្លារ និងឆ្នាំ២០១៥ចំណាយអស់៣៩០០លានដុល្លារ។

ក្នុងឆ្នាំ២០១៦នេះ រដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិប្រហែលជា៤៣០០លានដុល្លារដែលកើនលើសឆ្នាំ២០១៥ចំនួន១៦ភាគរយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ សង្ឃឹមថារដ្ឋសភានឹងអនុម័តច្បាប់នេះដើម្បីរាជរដ្ឋាភិបាលដឹកនាំចាត់ចែងការងារលើគ្រប់វិស័យបន្តទៀតក្នុងនោះក៏មានការដំឡើងបៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីជាប់កិច្ចសន្យានិងនិវត្តន៍ជនផងដែរ

លោកបន្តថា៖ ច្បាប់ថវិកាឆ្នាំ២០១៦ក៏លុបចោលផងដែរនូវពន្ធតាមរបបម៉ៅការ ដើម្បីសម្រួលដល់អាជីវករតូចតាចដែលលក់ដូរបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិត។ ច្បាប់នេះក៏នឹងលុបចោលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះមួយចំនួនដូចជាទោចក្រយានយន្ត ត្រីចក្រយាន្តយន្ត ត្រាក់ទ័រ គោយន្ត និងជលយាន្តតូចៗ ដើម្បីជួយកាត់បន្ថយការចំណាយនិងលើកកម្ពស់ជីវភាពប្រជាជន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ