មនុស្សរាប់សិបនាក់បានរងរបួសនៅពេលយន្តហោះ Malaysia Airline មួយគ្រឿងដែលហោះហើរពីទីក្រុងឡុងដ៍ទៅទីក្រុងគួឡាឡុំពួ បានញ័ររញ្ជួយយ៉ាងខ្លាំងក្លា ខណៈដែលរូបថតនានាបង្ហាញនូវរបស់របរនិងរទេះរុញអាហារនៅរាយប៉ាយនៅក្នុងបន្ទប់យន្តហោះនោះ។
ក្រុមហ៊ុនអាកាសចរណ៍ជាតិម៉ាឡេស៊ីមួយនេះដែលកំពុងតែស្ដារកេរ្តិ៍ឈ្មោះឡើងវិញ បន្ទាប់ពីយន្តហោះរបស់ខ្លួនពីរគ្រឿងបានជួបមហន្តរាយកាលពី២ឆ្នាំមុននោះបាននិយាយថាអ្នកដំណើរមួយចំនួនបានរងរបួសនៅលើយន្តហោះ MH1 អំឡុងធ្វើដំណើរឆ្លងកាត់ឈូងសមុទ្របេងហ្កាល់នៅព្រឹកថ្ងៃចន្ទនេះ។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្ដីជូនដំណឹងមួយថា ដោយសារភាពញ័ររញ្ជួយដ៏ខ្លាំងក្លានោះ អ្នកដំណើរមួយចំនួនបានរងរបួសតិចតួច ហើយអ្នកទាំងនោះទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យ។
ចំណែកសារព័ត៌មាន The Star របស់ម៉ាឡេស៊ីបានរាយការណ៍ថាអ្នកដំណើរ៣៦នាក់និងសមាជិកបម្រើការលើយន្តហោះ៦នាក់បានរងរបួស។
រូបថតដែលបង្ហោះនៅលើបណ្ដាញសង្គមបានបង្ហាញនូវរបស់របរនិងវត្ថុនានាធ្លាក់រាយប៉ាយនៅលើផ្លូវដើរក្នុងយន្តហោះ ហើយទីភ្នាក់ងារព័ត៌មានរដ្ឋម៉ាឡេស៊ីបានបង្ហាញនូវរូបថតស្ត្រីម្នាក់មានបង់រុំនៅត្រង់ក។
មហន្តរាយលើយន្តហោះ MH370 និង MH17 កាលពីឆ្នាំ២០១៤ បានជំរុញឲ្យក្រុមហ៊ុននេះស្ថិតនៅមាត់ជ្រោះនៃការក្ស័យធន ខណៈការកក់សំបុត្រយន្តហោះបានថយចុះ។
យន្តហោះ MH370 បានបាត់ខ្លួនកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ នៅអំឡុងពេលហោះហើរពីទីក្រុងគួរឡាឡុំពួ ទៅកាន់ទីក្រុងប៉េកាំង ផ្ទុកអ្នកដំណើរនិងបុគ្គលិកបម្រើការ២៣៩នាក់។ ចំណែកឯយន្តហោះ MH17 ត្រូវបានគេបាញ់ទម្លាក់នៅលើទឹកដីប្រទេសអ៊ុយក្រែន ដោយបានសម្លាប់អ្នកដំណើរនិងបុគ្គលិកបម្រើការ២៩៨នាក់៕