មនុស្ស១១នាក់បានស្លាប់និង៣៦នាក់ទៀតបានរងរបួសនៅថ្ងៃអង្គារនេះ នៅពេលគ្រាប់បែកបង្កប់ក្នុងរថយន្តមួយគ្រឿងបានផ្ទុះឡើងនៅកណ្ដាលទីក្រុងអ៊ីស្តង់ប៊ុល។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការបំផ្ទុះដែលកើតចេញពីការចុចបញ្ជាពីចម្ងាយនោះបានកើតឡើងអំឡុងវេលាដ៏មមាញឹកនៅសង្កាត់ Vezneciler ដែលមានមនុស្សម្នាកុះករ។
យោងតាមទីភ្នាក់ងារព័ត៌មាន Dogan បានឲ្យដឹងថារថយន្តសង្គ្រោះនិងរថយន្តពន្លត់អគ្គិភ័យត្រូវបានគេបញ្ជូនទៅកន្លែងកើតហេតុ។ សេចក្ដីរាយការណ៍ដំបូងបញ្ជាក់ថាមនុស្ស៥នាក់បានរងរបួស។
សេចក្ដីរាយការណ៍នានាបានឲ្យដឹងថាការបំផ្ទុះនោះបានកើតឡើងនៅជិតស្ថានីយរថភ្លើង Vezneciler ជាទីដែលមានទិដ្ឋភាពប្រវត្តិសាស្ត្រសំខាន់ៗ ក្នុងនោះមានទាំងព្រះវិហារ Suleymaniye ផងដែរ។ រូបថតនានាបង្ហាញថា កញ្ចក់ហាងនានានៅជិតនោះបានរងការខូចខាតដោយសារតែកម្លាំងបំផ្ទុះ។
ម្ចាស់ហាងមួយរូបបាននិយាយថាមានសំឡេងផ្ទុះដ៏ខ្លាំងមួយដែលលោកគិតថាជាសំឡេងរន្ទះបាញ់ ប៉ុន្តែវាបានធ្វើបង្អួចហាងធ្លាក់ខ្ចាយ។ សំឡេងផ្ទុះនោះមានកម្លាំងខ្លាំងក្លាដែលអាចកម្ចាយទំនិញពីហាងរបស់គាត់៕