មេដឹកនាំគណបក្សសង្គ្រោះជាតិមួយរូបដែលសម្ងំលាក់ខ្លួនក្នុងស្នាក់ការបក្សបន្ទាប់ពីកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនមិនបានសម្រេចនោះ បានបង្ហាញខ្លួនចេញថ្វាយបង្គំព្រះសង្ឃនិងផ្ញើសារនយោបាយអះអាងពីភាពខ្លាំងរបស់អ្នកគាំទ្រថា បើលោកមានឧបសគ្គកាន់តែខ្លាំង ការលះបង់របស់ពលរដ្ឋកាន់តែខ្ពស់។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវកម្លាំងសមត្ថកិច្ចដែលបំពាក់ដោយអាវុធស្វ័យប្រវត្តរាប់សឹបនាក់តាមឆ្មក់ចាប់ខ្លួនមិនបានសម្រេចកាលពីថ្ងៃទី២៦ខែឧសភា ចំថ្ងៃដែលមេបក្សប្រឆាំងរូបនោះមិនទៅបង្ហាញខ្លួននៅតុលាការតាមដីកាកោះរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធាណីភ្នំពេញ លោក សៀង សុខ។
លោក សៀង សុខ បង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅបំភ្លឺក្នុងនាមជាសាក្សីទាក់ទិននឹងការឆ្លើយដាក់របស់ ខុម ចាន់តារ៉ាទី ដែលគេថាជាស្រីកំណាន់របស់លោក កឹម សុខា ហើយករណីនេះតុលាការចោទពីបទសញ្ចារកម្ម។
នៅថ្ងៃទី១៤ខែមិថុនាសប្តាហ៍ក្រោយនេះចៅក្រមស៊ើបសួរសាលាដំបូងបានចេញដីកាកោះហៅ លោក កឹម សុខា ឲ្យចូលទៅបំភ្លឺទៀត ទាក់ទិននឹងករណីដែលលោកមិនទៅបង្ហាញខ្លួនតាមដីកាកោះរបស់ព្រះរាជអាជ្ញា លោក សៀង សុខ។
ប៉ុន្តែគណបក្សសង្គ្រោះជាតិនូវតែអះអាងថា លោក កឹម សុខា នៅតែមិនទៅបង្ហាញខ្លួននៅតុលាការដដែល ដោយអះអាងថា វិធានការរបស់តុលាការនោះខុសនីតិវិធី រំលោភសិទ្ធិអ្នកតំណាងរាស្ត្រដែលការពារដោយរដ្ឋធម្មនុញ្ញ ត្រង់មាត្រា៨០។
ក្នុងពិធីបួងសួងបែបសាសនានៅស្នាក់ការកណ្តាលរបស់គណបក្សស្ថិតក្នុងសង្កាត់ចាក់អង្រែលើនាថ្ងៃទី៧ខែមិថុនានេះ លោក កឹម សុខា បានចេញមកថ្វាយបង្ខំព្រះសង្ឃជាង៣០០អង្គនិងអ្នកគាំទ្រដែលចូលរួមកម្មវិធីនោះ រួចថ្លែងថាគណបក្សលោកនូវតែប្រកាន់យកវប្បធម៌អហិង្សាក្នុងការតស៊ូមតិជំរុញឲ្យស្ថានការនយោបាយវិលទៅរកស្ថានភាពដើមវិញ។
លោក កឹម សុខា បញ្ចាក់ថាវប្បធម៌អហិង្សាមិនមែនមានន័យថាបញ្ឈប់ការតស៊ូមតិនោះទេ លោកថាការតស៊ូត្រូវតែបន្តទៅមុខទៀត ដើម្បីស្វែងរកយុត្តិធម៌សង្គម។ លោកថា៖ “ប្រជាពលរដ្ឋខ្មែរនៅពេលនេះគឺតស៊ូពោពេញទៅដោយការលះបង់ខ្ពស់បំផុតជាការធម្មតាទេ ការតស៊ូត្រូវការចាំបាច់នូវការលះបង់។ ដូច្នេះបើមានឧបសគ្គកាន់តែធំ ខ្ញុំជឿថាប្រជាពលរដ្ឋយល់កាន់តែច្បាស់ ហើយនឹងបង្ហាញការលះបង់កាន់តែខ្ពស់តទៅទៀត”។
ក្រោយពីមានព្រឹត្តិការណ៍តាមចាប់ខ្លួន លោក កឹម សុខា មិនបានសម្រេច គណបក្សសង្គ្រោះជាតិបានប្រកាសធ្វើពហិការមិនចូលប្រជុំសភាជាបណ្តោះអាសន្ននិងប្រកាសប្រើកម្លាំងមហាជនតទល់នឹងកម្តៅនយោបាយនេះ ដែលបក្សប្រឆាំងគិតថា ជម្រើសនេះអាចធ្វើឲ្យស្ថានការនយោបាយវិលទៅរកស្ថានភាពដើម ធានាដល់ការបោះឆ្នោតឆ្នាំ២០១៧និង២០១៨ខាងមុខប្រកបដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាបក្សកំពុងគ្រប់គ្រងអំណាច លោក សុខ ឥសាន បានអះអាងថាគិតត្រឹមថ្ងៃអង្គារនេះ គណបក្សទាំងពីរមិនទាន់បានស្រុះស្រួលគ្នារកដំណោះស្រាយពីការខ្វែងគំនិតគ្នានេះតាមរយៈវប្បធម៌សន្ទនានៅឡើយទេ ដោយលោកអះអាងថាបក្សប្រឆាំងមិនទាន់ទាក់ទងមកអគ្គលេខាធិការដ្ឋានរដ្ឋសភាដូចពេលមុនៗ ដើម្បីស្វែងរកពេលវេលាជួបពិភាក្សាគ្នានៅឡើយ។
លោកថា៖ “គាត់ចេះតែបង្ហើតាមរលកធាតុអាកាសថាចង់ជួបៗ តែវាអត់មាន”។ ពេលVODសួរថា តើគណបក្សប្រជាជនតម្រូវឲ្យបក្សប្រឆាំងដាក់បេក្ខភាពថ្មីសម្រាប់ចរចាឬក៏យ៉ាងម៉េច? លោកឆ្លើយថា៖ “គាត់ធ្វើតាមរបៀបរបបពីមុន គាត់ទាក់ទងតាមណា ដូចការទាក់ទងតាមអគ្គលេខាធិការរដ្ឋសភាឲ្យគាត់ទាក់ទងមកដើម្បីជួបគ្នា ទី២សុំឲ្យគាត់បង្ហាញសមាសភាពដែលមកជួបហ្នឹងពីណាខ្លះ ហើយទី៣គឺរបៀបវីរៈនៃខ្លឹមសារ តើខ្លឹមសារនិយាយពីរឿងអី?”។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក កែម ឡី លើកឡើងថាការដាក់សម្ពាធណាមួយទៅលើដៃគូប្រកួត ដោយមិនអនុលោមតាមច្បាប់ លោកថាមិនបានចំណេញដល់បក្សកាន់អំណាចទេ។
លោកថាជម្រើសល្អដែលបក្សកាន់អំណាចអាចទទួលបានការគាំទ្រពីម្ចាស់ឆ្នោតនោះ គឺតម្លាភាពនៃការបោះបង្គោលព្រំដែន បំបាត់អំពើពុករលួយ កំណែទម្រង់ប្រព័ន្ធតុលាការ រកទីផ្សារសម្រាប់ឆ្លើយតបនឹងតម្រូវការរបស់កសិករ ភាពអត់ការងារធ្វើ និងប្រសិទ្ធិភាពនៃការទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់ជាដើម លោកថាមិនមែនបង្កើនសម្ពាធផ្តួលគូប្រកួតទេ។
លោកថា៖ “នៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ អ្នកកាន់អំណាច គេមិនដែលបង្កើតឲ្យមានព្រឹត្តិការណ៍ធំដុំអញ្ចឹងទេ ចុះហេតុអីបានជាយើងប្រឹងបង្កើតព្រឹត្តិការណ៍ឲ្យធំដុំ! ធ្វើម៉េចឲ្យស្ងាត់ដើម្បីឲ្យគាត់មានឱកាសផ្តល់សេវាកម្ម ដែលមានប្រសិទ្ធភាពគុណភាពជូនពលរដ្ឋ ហើយបើកាលណាមានភាពរញ៉េរញ៉ៃក្នុងសង្គម វិនិយោគទុនក៏ស្តាក់ស្ទើរក្នុងការដាក់ទុនបន្ថែមឬក៏ចង់ពង្រីកទុន។ អ្វីដែលខាតគឺពលរដ្ឋ អ្វីដែលខាតគឺរដ្ឋាភិបាលទៅវិញទេ”។
គួរំលឹកថាកម្ពុជាបានទទួលយកការដឹកនាំមួយតាមបែបប្រជាធិបតេ្យ ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១ ពោលគឺការជ្រើសរើសមេដឹកនាំតាមរយៈបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ប៉ុន្តែជាង២០ឆ្នាំមកនេះអ្នកតាមដានសង្គមមើលឃើញថាដំណើការប្រជាធិបតេយ្យនៅកម្ពុជាដំណើរការទៅក្នុងល្បឿនយឺត ។
ជាងនេះទៅទៀតអ្នកតាមដានទាំងនោះអះអាងថាក្រោយការបោះឆ្នោតឆ្នាំ២០១៣ក្រោយពីគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចជិត៤០បានធ្លាក់ចុះប្រជាប្រិយភាពដោយបាត់បង់អាសនៈ២២រួចទៅហើយនោះ ពួកគេថាប្រជាធិបតេយ្យនៅកម្ពុជាបានដើរថយក្រោយវិញដោយសាតែសកម្មជនបក្សប្រឆាំងជិត២០នាក់ មន្ត្រីអង្គការសង្គមស៊ីវិល៤រូប និងមន្ត្រី គ.ជ.ប មួយរូបកំពុងជាប់ឃុំ។
ចំណែកមេបក្សប្រឆាំងលោក សម រង្ស៊ី កំពុងនីរទេសខ្លួន អនុប្រធានលោក កឹម សុខា កំពុងប្រឈមនឹងការចាប់ខ្លួន ពីប្រព័ន្ធច្បាប់ដែលគេរិះគន់ថាមិនឯករាជ្យ៕